លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ការផ្ទេរស្ត្រីជនជាតិអង់គ្លេសដែលវិជ្ជមានវីរុសកូវីដ១៩ ពីមន្ទីរពេទ្យខេត្តកំពង់ចាម មកភ្នំពេញ គឺដើម្បីជួយសម្រួលដល់អ្នកជំងឺរូបនេះដែលមានពិការភាព

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះថា ការផ្ទេរស្ត្រីជនជាតិអង់គ្លេសដែលវិជ្ជមានកូវីដ១៩ ពីមន្ទីរពេទ្យខេត្តកំពង់ចាម មកភ្នំពេញ គឺដើម្បីជួយសម្រួលដល់អ្នកជំងឺរូបនេះដែលមានពិការភាព ដោយប្រើជើងសិប្បនិមិត្តម្ខាង និងប្រើឈើច្រត់ផងដែរនោះ ដែលតម្រូវឱ្យមានទីកន្លែង និងបន្ទប់ទឹកពិសេសសម្រាប់ការស្នាក់នៅក្នុងរយៈពេលព្យាបាល។ លោកជំទាវបានបន្ថែមថា “ដោយមានសំណើពីស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា និងសាម៉ីខ្លួនដែលវិជ្ជមានវីរុសកូវីដ១៩ ដែលតម្រូវការបន្ទប់ទឹកពិសេសសម្រាប់ការស្នាក់នៅក្នុងរយៈពេលព្យាបាល និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិកមក ក្រសួងសុខាភិបាលកម្ពុជា ក៏បានសម្រេចឯកភាពគ្នាឱ្យមានការសម្របសម្រួល និងការសហការជាពិសេសជាមួយមន្ទីរពេទ្យមានលក្ខណៈស្តង់ដារអន្តរជាតិ ដែលអាចជួយដល់ជនពិការ ក្នុងការបញ្ជូនស្ត្រីជនជាតិអង់គ្លេសរូបនេះ មកដាក់ថែទាំព្យាបាលនៅមន្ទីរពេទ្យមានលក្ខណៈស្តង់ដារនោះនៅរាជធានីភ្នំពេញ ដែលបានចេញដំណើរពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នៅវេលាម៉ោង១៦និង៣០នាទី នៃថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមរថយន្តគិលានសង្រ្គោះរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម។”

គិតត្រឹមល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះផងដែរ អ្នកដំណើរនៅលើនាវា Viking Cruise Journey សរុបទាំងអស់មានចំនួន ៦៤នាក់ (អ្នកដំណើរចំនួន ៣០នាក់ និងអ្នកបម្រើការចំនួន ៣៤នាក់) ដោយមានទាំងអស់ ៧សញ្ជាតិ គឺ អាមេរិក ចក្រភពអង់គ្លេស កាណាដា ហូឡង់ ភូមា វៀតណាម និងកម្ពុជា ហើយអ្នកដំណើរជាជនជាតិអង់គ្លេសចំនួន ៥ នាក់ (ស្រី៤ ប្រុស១) ពីម្សិលម៉ិញ បានធ្វើតេស្តរួចហើយ ដែលមានស្ត្រីពិការខាងលើ គឺវិជ្ជមានវីរុសកូវីដ១៩ និង៤នាក់ ទៀតមានលទ្ធផលអវិជ្ជមាន។

គួររំលឹកថា នៅព្រឹកថ្ងៃទី១១នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម ផ្នែកពាក់ព័ន្ធផ្សេងៗ ព្រមទាំងលោកស្រីប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការរួមគ្នាធ្វើប្រតិបត្តិការសុខាភិបាល ដើម្បីពិនិត្យសុខភាពអ្នកដំណើរលើនាវា Viking Cruise Journey ទាំងអស់ ហើយសំណាកពីអ្នកដំណើរដែលនៅសេសសល់ចំនួន ៥៩នាក់ ត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារួចរាល់ហើយដែរ ប៉ុន្តែពុំទាន់មានលទ្ធផលនៅឡើយទេគឺអាស្រ័យទៅតាមបច្ចេកទេសវិភាគ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិតក៏បានឱ្យដឹងផងដែរថា “ចំណែកឯអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយនឹងស្ត្រីជនជាតិអង់គ្លេសនោះ យើងបានរកឃើញជាបឋមនៅរាជធានីភ្នំពេញ មានស្ត្រីជាអ្នកបកប្រែ១នាក់ ដែលមានកូនស្រីអាយុ៤ឆ្នាំម្នាក់ និងអ្នកបើករ៉ឺម៉កម៉ូតូ ២នាក់ ហើយដែលលទ្ធផលធ្វើតេស្តវិភាគសំណាក លទ្ធផលអវិជ្ជមានទាំងអស់គ្នា។ ហើយបច្ចុប្បន្ននេះពួកគេ ទាំង៤នាក់ ត្រូវបានឱ្យវិលត្រឡប់ទៅផ្ទះវិញ ដោយបានណែនាំឱ្យអនុវត្តវិធានការតាមដានសុខភាពផ្ទាល់ខ្លួន (self-monitoring) ជាបន្តទៀតក្នុងរយៈពេល១៤ថ្ងៃ។”

កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ ១៩ ទី៣ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ គឺស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលបានធ្វើដំណើរតាមនាវា Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក-ក្អមសំណរ និងហួសទៅចូលចតប្រហែលជាម៉ោង៤និង៣០នាទីរសៀល នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។

ដោយ ផែន រតនៈ