ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យការស្ថាបនាផ្លូវថ្មើរជើងតាមបណ្តោយទន្លេចតុម្មុខឱ្យបានលឿន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — រដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ដើម្បីពន្លឿនគម្រោងស្ថាបនាផ្លូវថ្មើរជើង និងទីតាំងតំបន់ទាក់ទាញភ្ញៀវទេសចរ ដែលស្ថិត នៅតាមបណ្តោយមាត់ទន្លេចតុម្មុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់ មុខព្រះបរម រាជវាំង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោង ស្ថាបនាផ្លូវថ្មើរជើងនេះ ស្ថិតនៅតាមតំបន់មាត់ទន្លេ ដែលរដ្ឋបាលរាជធានីភ្នំពេញបានគិតគូយ៉ាងហ្មត់ចត់ទៅលើការកែលំអ និងលើកកម្ពស់ សោភណភាពក្នុងរាជធានីភ្នំពេញ និងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបង្កើននូវប្រព័ន្ធផ្លូវធ្វើ ដំណើរឱ្យកាន់តែទូលំទូលាយ ជាពិសេសផ្លូវថ្មើរជើងតាមមាត់ទន្លេ។

លោកប្រធានមន្ទីរឱ្យដឹងទៀតថា ក្រៅពីស្ថាបនាផ្លូវថ្មើរជើងនេះ យើងនៅមាន គម្រោងជាដំណាក់កាលច្រើនទៀតដូចជា ការបង្កើតផ្សាររាត្រីដែលលក់ដូរ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់  មានផ្សារណាត់, Pub street, វិថីម្ហូបអាហារ, និងតំបន់ថ្មើរជើងសម្រាប់ភ្ញៀវទេសចរជាដើម។

ឯកឧត្ដម ឃួង ស្រេង បានឯកភាពតាមគម្រោងរបស់មន្ទីរសាធារណៈការ និងដឹក ជញ្ជូនរាជធានីភ្នំពេញដោយចែកចេញជា៣ដំណាក់កាល ក្នុងការស្ថាបនាគម្រោងមួយនេះ និងពន្លឿនការរៀបចំ និងស្ថាបនាផ្លូវថ្មើរជើងនេះឱ្យបានតាមការគ្រោងទុក។

ឯកឧត្ដមអភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមាន លំនៅឋាន អមសងខាងទីតាំងខាងលើ ឱ្យចូលរួមសហការជាមួយអាជ្ញាធរដើម្បីពន្លឿនការស្ថាបនា ផ្លូវថ្មើរជើងនេះទៅតាមគម្រោង ក៏ដូចជាការសហការរៀបចំផលប៉ះពាល់លើ គម្រោងនេះផងដែរ៕

ដោយ សួស សំរិត