ចិន ប្រកាសនឹងចែករំលែកបទពិសោធន៍ ដើម្បីបង្ការ និងត្រួតពិនិត្យរកមេរោគ COVID-19 តាមអាកាសយានដ្ឋាន និងក្នុងយន្តហោះដល់អាកាសចរណ៍ស៊ីវិលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — មន្រ្ដីស្ថានទូតចិនប្រចាំនៅកម្ពុជាបានប្រកាសថា នឹងចែករំលែកនូវព័ត៌មាន និងបទពិសោធន៍ ដើម្បីបង្ការ និងត្រួតពិនិត្យរកមេរោគ COVID-19 តាមអាកាសយានដ្ឋាន និងក្នុងយន្ដហោះ ដល់រដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ នេះគឺជាការលើកឡើងរបស់លោកស្រី Zuo Wenxing អនុប្រធានស្ថានបេសកកម្ម និងជាប្រឹក្សានយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy) ប្រចាំស្ថានទូតនៃសាធារណរដ្ឋ​ប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារ ស្តីពីវិធានការបង្ការ និងត្រួត​ពិនិត្យ​រក​មេរោគCOVID-19 តាមអាកាសយានដ្ឋាន និងយន្តហោះ ជាមួយឯកឧត្ដម នាយឧត្តម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីព្រឹកថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០។ នេះបើយោងតាមការផ្សាយរបស់រដ្ឋលេខាធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិល។

លោកស្រី Zuo Wenxing បានលើកឡើងអំពីភាពជោគជ័យក្នុងការទប់ស្កាត់ ការផ្ទុះ​មេរោគ​​នៅខេត្ត ហូបី ក្រុង Wuhan និងទូទាំងប្រទេសចិន ប្រកបដោយប្រសិទ្ធភាព ដោយ​មានការធ្លាក់ចុះនៃការឆ្លងស្ទើរតែកម្រិតសូន្យ ជាពិសេសប្រទេសចិនបានគ្រប់គ្រងស្ថានការ​រាលដាល​ទាំងស្រុង។ លោកស្រី បានបញ្ជាក់ពីការរីករាលដាលនៅក្រៅប្រទេសចិន ជា​ពិសេស​នៅអឺរ៉ុប ប្រទេសអ៊ីតាលី កូរ៉េខាងត្បូង ប្រទេសអ៊ីរ៉ង និងប្រទេសជប៉ុន។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមាន​ប្រសាសន៍អំពីកិច្ចសហ​ការជិតស្និតរវាងប្រទេសចិន និងកម្ពុជា ដែលមានជាយូរមកហើយ និងកម្ពុជាគាំទ្រ​នយោ​បាយ​ចិនតែមួយ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រួមទាំងវិស័យអាកាស​ចរណ៍ផងដែរ។ ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រទេស ចិនបានបញ្ជូន​នូវវត្ថុធាតុដើមវាយន្តភ័ណ្ឌចំនួន០៧កប៉ាល់ធំៗមកកម្ពុជា សម្រាប់​បម្រើចង្វាក់ផលិតកម្ម​រោង​ចក្រកាត់ដេរនៅកម្ពុជា និងបានគាំទ្រនូវជំហរកម្ពុជាដែលមិន​ប្តូរ​អធិបតេយ្យជាតិជាមួយ​ការ​ដក EBA របស់សហគមន៍អឺរ៉ុប។ ឯកឧត្ដមបណ្ឌិត បានកោតសរសើរ​ប្រទេសចិន ដែលបាន ធ្វើការទប់ស្កាត់ការរីករាលដា​លនៃការឆ្លង COVID-19 ប្រកបដោយជោគជ័យ។ ចំពោះវិធាន ការក្នុងការបង្ការ និងត្រូតពិនិត្យរកមេរោគ COVID-19 តាមអាកាសយានដ្ឋាន និងយន្តហោះ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រីបានជម្រាបថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានធ្វើការ យ៉ាងយកចិត្តទុកដាក់ និងបានឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន និងក្រុមហ៊ុន​អាកាសចរណ៍ ទាំងអស់ធ្វើការសម្អាតអនាម័យជាប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19នេះ។ ស្របពេលជាមួយគ្នានេះដែរ មន្ត្រីរបស់ក្រសួងសុខាភិបាលបាន​ធ្វើការវាស់កំដៅ​អ្នក​ដំណើរទាំងអស់ ទាំងចេញ និងចូលក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតបាន​ស្នើ​សុំភាគីចិន ចែករំលែកនូវព័ត៌មាន សម្រាប់ទប់ស្កាត់មេរោគ COVID-19 តាមផ្លូវអាកាស និងសុំការសហ​ការនូវការផ្តល់បទពិសោធន៍ល្អៗពីប្រទេសចិន។

លោកស្រី Zuo Wenxing បានយល់ព្រម និងពិនិត្យលទ្ធភាពក្នុងការជួយដល់រដ្ឋ​លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើការផ្តល់សម្ភារ សម្រាប់ទប់ស្កាត់មេរោគ COVID-19 តាមផ្លូវអាកាស និងត្រៀមការចែកបទពិសោធន៍ល្អៗ ដែលប្រទេសចិនមានលើការ​ប្រយុទ្ធ​ប្រឆាំង ការរាលដាលមេរោគ COVID-19 តាមផ្លូវអាកាស៕

ដោយ អ៊ុន រិទ្ធី