ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចប្រជុំពិភាក្សាជាមួយដៃគូពាក់ព័ន្ធ អំពីផែនការមេប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19

AKP ភ្នំពេញ ថ្ងៃ១១ ខែមីនា ឆ្នាំ២០២០ — ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយដៃគូពាក់ព័ន្ធអំពី ផែនការមេប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដែលបានរៀបចំដោយក្រសួងសុខាភិបាលសហការជាមួយអង្គការ​សុខភាព ពិភពលោក (WHO) និងដើម្បីធ្វើការវាយតម្លៃលើភាពគ្រប់ជ្រុងជ្រោយ និងតម្រូវការហិរ​ញ្ញ​ប្បទាននៃផែនការនេះ។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួង សុខាភិបាល និងបណ្តាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដូចជា៖ អង្គការសុខភាពពិភពលោក(WHO), តំណាងស្ថានទូតចិន, ជប៉ុន, អាល្លឺម៉ង់, ការិយាល័យសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា, ធនាគារពិភពលោក(WB), ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), មូលនិធិរូបិយវត្ថុ អន្តរជាតិ(IMF), សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC), ទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ(JICA), ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ​អន្តរជាតិ (USAID), ទីភ្នាក់ងារអូស្រ្តាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ(AusAID), ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ(KOICA) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ព្រមទាំងតំណាងមជ្ឈ មណ្ឌលប្រយុទ្ធជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC)។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា គោលបំណងនៃការរៀបចំកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីប្រមូលនូវធាតុចូលពីដៃគូពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យផែនការមេប្រយុទ្ធ ប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ(COVID-19) មានលក្ខណៈគ្រប់ជ្រុងជ្រោយ, គួរឱ្យជឿ ទុកចិត្តបាន និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្របខ័ណ្ឌយុទ្ធសាស្រ្ត, បណ្តាវិធានការ ឆ្លើយតប និងការរៀបចំយន្តការស្ថាប័នសម្រាប់អនុវត្តផែនការមេនេះ ក្នុងខណៈដែលជំងឺ COVID-19 បាន និងកំពុងតែឆ្លងរីករាលដល់ច្រើនប្រទេសនៅក្នុងពិភពលោក ដែលមិនអាច ប៉ាន់ប្រមាណបាន។​ កិច្ចប្រជុំពិភាក្សានេះ ក៏មានគោលបំ​ណង​កៀ​រគរនូវប្រភពធនធានថវិកា ពីដៃគូអភិវឌ្ឍន៍នានា សម្រាប់គាំទ្រដល់ការអនុវត្តនូវផែនការមេនេះ ទាំងនៅក្នុងរយៈពេលខ្លី និងបន្ទាន់ចំពោះមុខ និងទាំងនៅក្នុងដំណាក់កាលបន្ទាប់។

ទោះបីកម្ពុជាមានគោលនយោបាយថ្នាក់ជាតិ ក្នុងការទប់ស្កាត់ និងការពារជំងឺឆ្លងក្តី ប៉ុន្តែផ្អែកលើស្ថានភាពបច្ចុប្បន្ន, ការរៀបចំឱ្យមានផែនការមេប្រយុទ្ធប្រឆាំងជំងឺ COVID-19 នេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងការដោះស្រាយជាលក្ខណៈយុទ្ធសាស្រ្ត ដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងដៃគូទាំងអស់។ ជារួមផែនការមេនេះ មានគោលដៅជាយុទ្ធសាស្រ្តសំខាន់ៗដូចជា៖ ១.កាត់បន្ថយការឆ្លងជំងឺ COVID-19, ២.ការពារ និងកាត់បន្ថយជំងឺគ្រោះថ្នាក់ផ្សេងៗដែលពាក់ព័ន្ធជំងឺ COVID-19 និងកាត់បន្ថយ ការស្លាប់, ៣.ធានាឱ្យបាននូវប្រសិទ្ធភាពសេវាសុខាភិបាល ជាពិសេសនៅពេលមានការរីក រាលដាលខ្លាំង និង៤. កាត់បន្ថយនូវផលប៉ះពាល់ មកលើសេដ្ឋកិច្ច និងសង្គម តាមរយៈវិធាន ការការឆ្លើយតបជាអន្តរវិស័យ។ ផែនការមេនេះ ត្រូវបានគ្រោងឡើងសម្រាប់អនុវត្តន៍ រយៈពេល០១ឆ្នាំ ក្នុងសេណារីយ៉ូចំនួន០៣ ទៅតាមសភាពការណ៍នៃការផ្ទុះជំងឺ ដោយគ្រោងប្រើប្រាស់ថវិកាសរុបចំនួនប្រមាណ ៦០ លានដុល្លារអាម៉េរិក។

ឯកឧត្តម វង្សី វិស្សុត បានស្នើដល់បណ្តាដៃគូទាំងអស់ ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រជា ហិរញ្ញប្បទាន សម្រាប់អនុវត្តន៍ផែនការមេនេះ ទៅតាមអាទិភាព និងលទ្ធភាពរបស់ ស្ថាប័ន រៀងៗខ្លួន ហើយសល់ពីនេះនឹងត្រូវបំពេញដោយប្រភពពីថវិការាជរដ្ឋាភិបាលផ្ទាល់ ជាពិសេស សម្រាប់គាំទ្រដល់ការអនុវត្តនូវវិធានការឆ្លើយតបភ្លាមៗ នៅក្នុងសេណារីយ៉ូទី១។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ផងដែរថា វិធានការឆ្លើយតបត្រូវមានលក្ខណៈ សមស្របតាមសភាពការណ៍នៃការផ្ទុះជំងឺ តែក៏មិនគួរជ្រុលហួសហេតុពេកនោះដែរ។ ក៏ប៉ុន្តែយើងក៏មិនអាចមើលស្រាលស្ថានការណ៍បានដែរ ក្នុងខណៈដែលផលប៉ះពាល់នៃ ជំងឺនេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវបច្ច័យ អវិជ្ជមានមកលើសេដ្ឋកិច្ច និងសង្គមទាំងមូលផងដែរ ជាពិសេសយើងត្រូវត្រៀមខ្លួនឱ្យបានល្អ ក្នុងការទប់ស្កាត់ការឆ្លង និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19 ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាការពារកុំឱ្យប្រទេសកម្ពុជារបស់យើង ធ្លាក់ចូលទៅក្នុងសេណារីយ៉ូអាក្រក់នៃការឆ្លងរីករាលដាលនៃជំងឺនេះ​។

ទន្ទឹមនឹងនេះ យើង​​ក៏ត្រូវជំរុញអនុវត្តនូវបណ្តាវិធានការទាំងឡាយដែល បានដាក់ ចេញជាបន្តបន្ទាប់ ដើម្បីសម្រាលផលប៉ះពាល់ចំពោះ  វិស័យដែលរងផល ប៉ះពាល់ខ្លាំង និងដើម្បីធានាឱ្យសកម្មភាពសេដ្ឋកិច្ចជាតិទាំងមូលនៅតែអាច ដំណើរការជាប្រក្រតី ហើយ អាចរក្សាការងារ, ប្រាក់ចំណូល និងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ជារួម តាមរយៈកិច្ចប្រជុំពិភាក្សានេះ បណ្តាដៃគូទាំងអស់បាននូវផ្តល់មតិ និងបន្ទាប់មក បានយល់ស្របជារួម ចំពោះផែនការមេប្រយុទ្ធប្រឆាំងនឹងជំងឺ​ COVID-19 ដែលត្រូវបាន រៀបចំឡើយ ស្របតាមស្តង់ដារនៃការអនុវត្តជាសកល (Standard Global Practice)។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ក៏បានបង្ហាញជំហរជាវិជ្ជមានក្នុងការចូលរួម និងគាំទ្រការអនុវត្ត ផែនការមេនេះ ដែលក្នុងនោះ ដៃគូមួយចំនួននឹងចូលរួមក្រោមក្របខ័ណ្ឌគម្រោង ដែលកំពុង អនុវត្តន៍ស្រាប់ ឬ/និងហិរញ្ញប្បទានថ្មីបន្ថែម។ ចំពោះការអនុវត្តក្រោមក្របខ័ណ្ឌនៃ គម្រោង ដែលមានស្រាប់, ដៃគូនឹងផ្តល់នូវភាពទន់ភ្លន់ ក្នុងការបង្វែរមុខសញ្ញាចំណាយមក គាំទ្រការអនុវត្តផែនការមេប្រយុទ្ធប្រឆាំងជំងឺ COVID-19។ ជាក់ស្តែង WB បាន និង កំពុងត្រៀមដាក់ឱ្យអនុវត្តន៍សមាសភាពឆ្លើយតបភាពបន្ទាន់គ្រាអាសន្ន (Contingency Emergency Response Component) ក្រោមក្របខ័ណ្ឌគម្រោង (H-EQIP)។ ADB ក៏កំពុងត្រៀមដូចគ្នានេះផងដែរ ក្រោមគម្រោង GMS Health Security Project។

ទន្ទឹមនឹងនេះ បណ្តាដៃគូអភិវឌ្ឍន៍មួយចំនួន ក៏បានឯកភាពឱ្យប្រើប្រាស់នូវនីតិវិធី សម្រាប់ឆ្លើយតបភាពបន្ទាន់ (Emergency Response Procedures) ដែលមាន លក្ខណៈ អនុគ្រោះ និងបត់បែនច្រើន ក្នុងការផ្គត់ផ្គង់ទំនិញ និងសម្ភារៈបរិក្ខាផ្សេងៗ ដូចជាតាមរយៈ ការអនុវត្តនីតិវិធីចុះកិច្ចសន្យាផ្ទាល់ (Direct Contracting) ជាមួយអ្នកផ្គត់ផ្គង់ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ ស្មារតីសហការ និងការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងគោល ដៅឆ្លើយតប និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ក្នុងប្រទេសកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន