រដ្ឋសភា នឹងកោះប្រជុំជាវិសាមញ្ញនៅព្រឹកថ្ងៃទី១៣ ខែមីនា ខាងមុខ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់ ៥ផ្សេងទៀត តាមការស្នើឡើងរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០​ — រដ្ឋសភានឹងកោះប្រជុំជាវិសាមញ្ញនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀតទៅតាមការស្នើឡើង របស់រាជរដ្ឋាភិបាលទុកជាការប្រញាប់។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះថា   សម័យប្រជុំជាវិសាមញ្ញនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៦គឺ៖ ទី១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិ យោគទូលំទូលាយអាស៊ាន។ ៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន។ ៤-សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។ ៥-សេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងទី៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋសង្គម និយមវៀតណាម៕

ដោយ ប៉ាល់ សុង