លោកវេជ្ជបណ្ឌិត លី សូវ៉ាន់៖ ស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅមន្ទីរពេទ្យខេត្តសៀមរាប មានសុខភាពល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ —

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាដឹងតាមរយៈបណ្តាញតេឡេក្រាមនៅរសៀលថ្ងៃនេះថា ស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានសុខភាពល្អប្រសើរ ដោយពុំមានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់នោះទេ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា គិតមកត្រឹមម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ “ប្រទេសកម្ពុជាយើងនៅរក្សាតួលេខ៣នាក់គឺ ទី១. បុរសជនជាតិចិន អាយុ៦០ឆ្នាំ ដែលត្រូវបានព្យាបាលជាសះស្បើយ និងបានត្រលប់ទៅប្រទេសវិញរួចហើយ ទី២. គឺបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយគាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឱ្យព្រួយបារម្ភនោះទេ ទី៣.ស្រ្តីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ហើយគាត់ក៏មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា មកទល់ពេលនេះ មិនទាន់រកឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នោះទេ។

នៅព្រឹកមិញនេះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅសួរសុខទុក្ខស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចំណែកអ្នកទេសចរ និងអ្នកបម្រើការនៅលើនាវា Viking Cruise Journey ទាំង៦៤រូប ត្រូវបានខាងក្រសួងសុខាភិបាល យកវត្ថុសំណាកទាំងអស់គ្នា មកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅភ្នំពេញ។

យោងតាមរបាយការណ៍ពីមន្ត្រីសុខាភិបាលខេត្តកំពង់ចាមបានឱ្យដឹងថាស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម គាត់មានសុខភាពល្អជាធម្មតា និងស្ថិតក្រោមការពិនិត្យតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ២៤ម៉ោង ហើយចំពោះអាហារសម្រាប់គាត់គឺក្នុងមួយថ្ងៃ ៣ពេល តាមការស្នើសុំរបស់គាត់ចង់ពិសាមុខម្ហូបអ្វីខាងមន្ទីរពេទ្យរៀបចំជូន។

ជាមួយនេះផងដែរ សាមីខ្លួនបានស្នើសុំកុំឱ្យថតរូបគាត់យកទៅផ្សព្វផ្សាយ ព្រោះមានការទាក់ទងទៅនឹងជីវិតឯកជនរបស់គាត់ ហើយសំណើនេះត្រូវបាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ទទួលយល់ព្រម និងការពារ។

គួររម្លឹកថា កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ទី៣ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ គឺស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលបានធ្វើដំណើរតាមនាវា Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញ សម្ដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក-ក្អមសំណរ និងហួសទៅចូលចតប្រហែលជាម៉ោង៤និង៣០នាទីរសៀល នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។

ដោយ ផែន រតនៈ