អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ព័ត៌មានក្លែងក្លាយកំពុងតែធ្វើឱ្យប្រជាពលរដ្ឋ​មានការភ័យ​ខ្លាច និងចាប់អារម្មណ៍ខ្លាំងជាងព័ត៌មានពិត

AKP  ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះព័ត៌មាន មិនពិត ឬព័ត៌មានក្លែង​ក្លាយបាននិងកំពុងតែធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងកាន់តែចាប់អារម្មណ៍ច្រើន​ជាង​ព័ត៌មានពិតទៅទៀត។

ថ្លែងក្នុងកិច្ចពិភាក្សាស្ដីពីសារព័ត៌មាន៖ ចំពោះមុខជំងឺ COVIC-19 និងព័ត៌មានក្លែងក្លាយ នាព្រឹក​​​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅភោជនីដ្ឋានទន្លេបាសាក់២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺកូវីដ-១៩បាន​កំពុងមានឥទ្ធិពលដល់ផ្លូវចិត្តដល់សាធារណជន និងបុគ្គលមួយចំនួន ដែលកំពុងកើតឡើង​មិនថាតែ​នៅកម្ពុជានោះទេ។  លោកជំទាវបានគូសបញ្ជាក់ថា “បច្ចុប្បន្ននេះតាមការសរសេរ​ក៏ដូច​ជាការលើកឡើងបស់អង្គការសុខភាពពិភពលោក ហើយក៏មានអត្ថបទ​លើកឡើងពី​មជ្ឈមណ្ឌល​ប្រយុទ្ធជំងឺឆ្លងបញ្ជាក់ថា ពាក់ព័ន្ធនឹងជំងឺក្លែងក្លាយ ឬព័ត៌មានមិនពិតគឺ​មានចំនួន​១៤២ដង ច្រើនជាងព័ត៌មានដែលពិត។ មានន័យថាបើព័ត៌មាន១ ព័ត៌មានមិនពិត១៤១ដង ជាចំនួនច្រើន ដែលចំនួននេះធ្វើឱ្យមានការជ្រួលច្របល់ និងបំពុលក្នុងសង្គម”។ លោកជំទាវ​បានបញ្ជាក់ទៀតថា ព័ត៌មានមិនពិតមានភាពលឿនឆាប់រហ័សយ៉ាងខ្លាំង ដែលធ្វើឱ្យ​ប្រជាពលរដ្ឋឆាប់ភ័យខ្លាច ជាងព័ត៌មានពិត។

លោកជំទាវរដ្ឋលេខាធិការបានបន្ដថា​ ព័ត៌មានមិនពិតមានពីរសណ្ឋានគឺចេតនា និង​អចេតនា ហើយប្រសិនបើប្រជាពលរដ្ឋចំណាយពេលប្រមាណ​២ម៉ោងក្នុងមួយថ្ងៃនោះ​ធ្វើឱ្យ​មនុស្សនោះ មានវិបត្តិផ្លូវចិត្តក្នុងរយៈពេល២ សប្តាហ៍ក្រោយ។​ ដូច្នេះសុំប្រជាពលរដ្ឋកុំសូវ​មើល​ច្រើនពេល ចំពោះព័ត៌មានមិនពិត ដោយត្រូវស្វែងរកប្រភពព័ត៌មា នដែលពិតដែល​រាជរដ្ឋាភិបាលបានប្រគល់ជូនក្នុងការផ្សាយព័ត៌មានពិត។

ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនា យក​ដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មាន ចូលរួម​ក្នុងការធ្វើប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋកុំឱ្យ មានការភ័យខ្លាច។ ឯកឧត្ដមបានបន្ថែមថា ចំពោះព័តមានក្លែងក្លាយក្រសួងព័ត៌មានបាន​ធ្វើការជាមួយ​ចាង​ហ្វាងផ្ទាល់​ក្នុងការកែសម្រួល។ ផ្ទុយទៅវិញនៅពេលបច្ចុប្បន្នអ្នកសារព័ត៌​មាន​មួយចំនួន​បាន​យកដំណឹងក្លែងក្លាយ ទៅផ្សាយបន្ត ដែលជាហេតុធ្វើឱ្យពិបាក។

ឯកឧត្ដមបានថ្លែងថា “អីចឹងយើងជាអ្នកសារព័ត៌មានត្រូវធ្វើអ្វីដែលស្របនឹងវិជ្ជាជីវៈ  ព្រោះនៅក្នុងផេក ឬអាខោន​បណ្តាញសង្គមខ្លះមិនពិតនោះទេ។ ផ្ទុយទៅវិញបើយកប្រភព​ច្បាស់លាស់ រឹងមាំ ទើប​ការ​ផ្សាយការជាត្រឹមត្រូវ”៕

ដោយ ប៊ុនរិទ្ធ