ចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 កើនឡើងដល់៦១,៤៧៥នាក់នៅប្រទេសចិន

វិទ្យុជាតិកម្ពុជា៖

អាជ្ញាធរសុខាភិបាលចិនបានប្រកាសឲ្យដឹងថា ពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៥៧៨នាក់បានជាសះស្បើយពីជំងឺ COVID-19 នាំឲ្យចំនួនអ្នកដែលបានជាសះស្បើយសរុបទូទាំងប្រទេសកើនឡើងដល់៦១,៤៧៥នាក់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ ទី ១១ ខែមីនា ឆ្នាំ ២០២០។
គណៈកម្មាធិការសុខាភិបាលចិនក៏បានឲ្យដឹងទៀតថា អត្រាអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចិនមានការធ្លាក់ចុះខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ខណៈអត្រាអ្នកជាសះស្បើយឡើងវិញ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ជាក់ស្តែង ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៥៧៨នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយ នេះបង្ហាញឲ្យឃើញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលជំងឺរបស់ប្រទេសចិន។ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅប្រទេសចិន ចំនួនអ្នកឆ្លង COVID-19 មានសរុប៨០,៧៧៨ ករណី ក្នុងនោះ៦១,៤៧៥នាក់បានជាសះស្បើយ និង ៣,១៥៨នាក់បានបាត់បង់ជីវិត៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ