រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យមានការរៀបចំពិនិត្យលទ្ធភាព និងលក្ខខណ្ឌដើម្បីជ្រើសរើស និងតែងតាំងស្ដ្រីក្នុងមុខតំណែង

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យពិនិត្យ​លទ្ធភាព និងលក្ខខណ្ឌដើម្បីជ្រើសរើស និងតែងតាំងស្ដ្រីក្នុងមុខតំណែងដឹកនាំអង្គភាព ទាំង​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការលើកឡើងរបស់សម្តេចក្រឡាហោមនេះ ក្នុងឱកាស​ អញ្ជើញចូលរួមអបអរសាទរទិវាអន្ដរជាតិ នារី៨មីនា ខួបលើកទី១០៩ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការជ្រើសរើស និងតែងតាំងស្រ្តីជា​ប្រធាន​អង្គភាព និងអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនអត្រាចូលរួមរបស់​ស្ដ្រីឱ្យបាន​សមស្រប និងលើកវិធានការ ដើម្បីបង្កើនចំនួនមន្ដ្រីជ្រើសរើសថ្មីជាស្ដ្រី ឱ្យ​បានសមស្រប។

ជាមួយគ្នានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីមោទនភាពរបស់កម្ពុជា​ក្នុងការ​កាត់​​​បន្ថយបាននូវគម្លាតយេនឌ័រឱ្យមានការធ្លាក់ចុះក្នុងកម្រិតពីចំណាត់ថ្នាក់១១២ នៅ​ឆ្នាំ​២០១៦ មកចំណាត់ថ្នាក់៨៩ នៅក្នុងឆ្នាំ២០២០ ក្នុងចំណោមប្រទេសចំនួន១៥៣។ ក្រៅតែ​ពីកាត់បន្ថយគម្លាតយេនឌ័រមានការធ្លាក់ចុះហើយនោះ កម្ពុជាក៏ត្រូវបានទទួលស្គាល់ថាជា​ប្រទេសដែលមានស្រ្តីចូលរួមយ៉ាងសកម្មនៅក្នុងវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់​សុខភាព​ស្រ្តី ហើយអត្រាស្រ្តីចូលរួមក្នុងកម្លាំងពលកម្មគឺខ្ពស់ជាងគេរហូតដល់ជិត៧៩ភាគរយ។

ជាមួយគ្នានេះ សម្តេចតេជោបន្តថា ក្នុងនោះម្ចាស់អាជីវកម្មជាស្រ្តីមានចំនួន៦៥​ភាគរយ បើទោះបីជាអាជីវកម្មភាគច្រើនក្នុងចំណោមអាជីវកម្មទាំងនេះ​គឺជាសហគ្រាស​ខ្នាត​មីក្រូ និងខ្នាតតូចក៏ដោយ ។ ក្រៅពីនេះ នៅក្នុងវិស័យអប់រំ សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាមានសមភាពយេនឌ័រក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ហើយគម្លាត​យេនឌ័រនៅក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សាក៏ត្រូវបានកាត់បន្ថយជា​បណ្តើរៗដែរ ៕

ដោយ ចាន់ ​សុធីវង្ស