ព្រុយណេរកឃើញអ្នកឆ្លងវីរុស COVID-19 ៥នាក់បន្ថែមទៀតបន្ទាប់ពីប្រកាសករណីឆ្លងដំបូង

វិទ្យុជាតិកម្ពុជា៖

ក្រសួងសុខាភិបាលនៃប្រទេសព្រុយណេបានប្រកាសថា បានរកឃើញករណីឆ្លងវីរុស COVID-19 ៥នាក់បន្ថែមទៀត បន្ទាប់ពីការប្រកាសមួយករណីឆ្លងដំបូងកាលពីថ្ងៃចន្ទ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។ បើតាមការរាយការណ៍របស់អាជ្ញាធរសុខាភិបាលព្រុយណេបានបញ្ជាក់ឲ្យដឹងទៀតថា អ្នកជំងឺដែលមានផ្ទុកវីរុស COVID-19 ដំបូងគឺបុរសវ័យ ៥៣ ឆ្នាំជាពលរដ្ឋព្រុយណេម្នាក់ក្នុងចំណោម ៩០ នាក់ដែលបានចូលរួមក្នុងពិធីជួបជុំដ៏ធំមួយរបស់អ្នកផ្សព្វផ្សាយសាសនាអ៊ីស្លាម ក្នុងទីក្រុងគូឡាឡាំពួ ហើយបានវិលត្រលប់មកព្រុយណេវិញកាលពីថ្ងៃទី ៣ ខែមីនា បន្ទាប់មកចាប់ផ្តើមបង្ហាញរោគសញ្ញា ៤ ថ្ងៃក្រោយ។ឥឡូវ នេះលទ្ធផលបឋមនៃការធ្វើតេស្តពិនិត្យរកឃើញថាមនុស្ស៥នាក់ទៀតដែលជិតស្និទ្ធនឹងបុគ្គលករណីទីមួយនោះមានផ្ទុក COVID-19 ដែរ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលព្រុយណេក៏បានដាក់មនុស្សជាង ២០ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសនោះឲ្យនៅដាច់ដោយឡែកផងដែរ ហើយអាជ្ញាធរបានជំរុញអ្នកដែលបានចូលរួមក្នុងពិធីជួបជុំសាសនានៅម៉ាឡេស៊ីទាំងអស់ចេញមកទទួលការធ្វើតេស្តរកវីរុស COVID-19។
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters