មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានអះអាងថា ផេកហ្វេសប៊ុកជាង១០ដែលផ្សព្វ​ផ្សាយព័ត៌មានមិន​ពិត​ពាក់​ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវផ្ញើទៅឱ្យក្រុមហ៊ុនហ្វេសប៊ុកចាត់វិធានការ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានអះអាងថា ក្រសួងបានផ្ញើផេកហ្វេសប៊ុកចំនួនជាង១០ទៅ​កាន់ក្រុមហ៊ុនហ្វេសប៊ុក​ដើម្បីចាត់វិធានការក្នុងការផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ​ក្រសួង​ព័ត៌មានបានបញ្ជូនឈ្មោះផេកហ្វេសប៊ុក ជាង១០ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដើម្បី​ចាត់វិធានការក្នុងការផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចពិភាក្សាស្ដីពីសារព័ត៌មានចំពោះមុខជំងឺកូវីដ-១៩ និងព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្ដម ផុស សុវណ្ណ បានលើកឡើងថា ការបើកកិច្ចប្រជុំរវាងអ្នកសារព័ត៌មាន និងមន្រ្ដី​ជំនាញក្រសួងសុខាភិបាលនេះ គឺដើម្បីបង្កើននូវវិធានការអប់រំ ក៏ដូចជាការផ្សព្វផ្សាយ​ដំណឹង​តាមបណ្តាញសង្គមដែលបានផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្ដម​បានបន្ដថា សម្រាប់ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ដែលបានផ្សាយព័ត៌មានក្លែងក្លាយ ហើយស្ថាប័ននេះ​បានចុះបញ្ជីត្រឹមត្រូវនៅក្នុង​ក្រសួងព័ត៌មាន ក្រសួងអាចណែនាំទៅម្ចាស់ ដើម្បីធ្វើការកែតម្រូវ​បាន។ ទន្ទឹមនេះ កន្លងមក​ក្រសួងព័ត៌មានបានធ្វើការសហការជាមួយក្រសួងចំនួន៣ រួមមាន​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិនពិតនេះ។

ឯកឧត្ដម ផុស សុវណ្ណ បានបន្ថែមថា “សម្រាប់ដំណឹងក្លែងក្លាយគឺយើងឱ្យឈ្មោះ ឬអត្តសញ្ញាណរបស់ផេក ឬអាខោនមួយចំនួនទៅក្រសួងមហាផ្ទៃដើម្បីចាត់ការករណីនេះ។ សម្រាប់ព័ត៌មានក្លែងក្លាយផ្សាយតាមរយៈបណ្តាញសង្គម ហើយបានចុះបញ្ជីនៅក្រសួង​ព័ត៌​មាននោះ ក្រសួងព័ត៌មានអាចចាត់វិធានការដោយខ្លួនឯងបាន។ ដោយឡែក មានការ​គេហទំព័រ​មួយចំនួនក៏ផ្សាយព័ត៌មានក្លែងក្លាយដែរ ប៉ុន្តែមិនបានចុះបញ្ជីនៅក្រសួងព័ត៌មានទេ យើងក៏ប្រគល់ទៅឱ្យក្រសួងប្រៃសណីយ៍ ចាត់វិធានការ។”

ឯកឧត្ដមអគ្គនាយកបានបន្ថែមទៀតថា កន្លងមកនេះ មានផេក និងអាខោនជាង១០​បាន​​ផ្សាយយ៉ាងសកម្មអំពីជំងឺកូវីដ-១៩ ដោយបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឱ្យមានការយល់​ច្រឡំ ដោយចេតនាតែម្តង។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “អីចឹងយើងបានផ្ញើអាខោន ឬផេកទាំងនោះទៅក្រុមហ៊ុនហ្វេសប៊ុក ប៉ុន្តែពេលខ្លះក្រុមហ៊ុនហ្វេសប៊ុកថាចំណុចមួយចំនួន​មិនទាន់ខុសនឹងស្តង់ដាររបស់សហគមន៍ហ្វេសប៊ុក អីចឹងគាត់បានចាត់វិធានការខ្លះៗ”៕

ដោយ ប៊ុនរិទ្ធ