ម្ចាស់មេដាយស៊ីហ្គេមនៅហ៊្វីលីពីនទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធិ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ៊្វីលីពីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា និងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅល្ងាចថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមវត្តមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។

យោងតាមរបាយការណ៍លទ្ធផលស៊ីហ្គេម​ លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ៊្វីលីពីន របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមបានឱ្យដឹងថា ក្រុមអត្តពលិកកម្ពុជា ដែលចូលរួមនេះមានចំនួន ១០ប្រភេទកីឡា ដែលទទួលបានជ័យលាភី ក្នុងនោះមេដាយមាស៤វិញ្ញាសា លើប្រភេទកីឡា តេក្វាន់ដូWT កីឡាការិនី ស៊ន សៀវម៉ី, គុនប្រពៃណីហ៊្វីលីពីន Arnis ដោយកីឡាករគុនល្បុក្កតោរបស់កម្ពុជា កីឡាករយ៉ុង ម៉េងលី, កីឡាជឺជីតស៊ូ កីឡាការិនី ខាន់ ជេសា និងប្រភេទកីឡាប៉េតង់នារីជាក្រុម មានកីឡាការិនី អ៊ុន ស្រីយ៉ា, ស្រៀង សុរ៉ាឃីម, ឃួន យ៉ារី និងឌួង ឌីណា ដោយវិញ្ញាសាជាក្រុម គឺទទួលបានប្រាក់រង្វាន់គិតលើមេដាយម្នាក់ៗ។ ចំពោះមេដាយប្រាក់ ៦វិញ្ញាសា និងសំរឹទ្ធិចំនួន៣៦វិញ្ញាសា សរុបមេដាយមានចំនួន ៤៦វិញ្ញាសា។ ១០ប្រភេទកីឡា ដែលឈ្នះមេដាយនេះ គឺមានគ្រូបង្វឹក គ្រូជំនួយសរុបចំនួន ២២រូប ក្នុងនោះគ្រូបង្វឹកទទួលបាន១០០ភាគរយនៃមេដាយកូនសិស្សរបស់ខ្លួន ដែលដណ្តើមបានមេដាយខ្ពស់ជាងគេ ខណៈគ្រូជំនួយទទួលបាន ៧០ភាគ  រយ។

សម្រាប់ប្រាក់រង្វាន់តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងមេដាយមាស១គ្រឿងទទួលបាន ៤០លានរៀល, មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធិ ១៦លានរៀល (សរុប ១.៨២២.៨០០.០០០រៀល)។ ដោយឡែកប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន គឺមេដាយមាស១គ្រឿង ទទួលបាន ៥.០០០ដុល្លារអាម៉េរិក, មេដាយប្រាក់ ៣.០០០ដុល្លារអាម៉េរិក និងមេដាយសំរឹទ្ធ ២.០០០ដុល្លារអាម៉េរិក សរុប ២១៦.៣០០ដុល្លារ។

កីឡាករ កីឡាការិនីនានាបានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានលើកទឹកចិត្តមុនពេលចេញដំណើរ និងក្រោយបំពេញបេសកកម្មជាប្រវត្តិសាស្ត្រពីលើឆាកអន្តរជាតិ ដែលបានខិតខំកសាងស្នាដៃដណ្តើមមេដាយយកមកជូនជាតិ ហើយទទួលបានប្រាក់ឧបត្ថម្ភនៅក្នុងជំនួបដ៏សែនរីករាយ និងកក់ក្តៅបំផុតតាមរយៈតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងពីរ នាពេលនេះ៕

អត្ថបទ៖ ហេង ណាលីន រូបភាព៖ ណារ៉ុង