អភិបាលខេត្ត ដឹកនាំកម្លាំងមន្រ្តីរាជការសម្អាតក្រុងត្រៀមបុណ្យទន្លេ

AKP បាត់ដំបង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០–នៅថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងមន្រ្តីរាជការសម្អាតក្រុង ត្រៀមរៀបចំបុណ្យទន្លេលើកទី៦ ក្នុងឱកាសទិវាជាតិលើកទី៨ ឆ្នាំ២០២០ ទីក្រុងស្អាតក្រោមប្រធានបទ «ទីក្រុងស្អាត÷ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» លើវិស័យទេសចរណ៍។

ឯកឧត្តម ងួន រតន: បានអានសារលិខិតទាំងស្រុង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ជាប្រធានកិត្តិយសនៃគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិលើកទី៨ ឆ្នាំ២០២០ ទីក្រុងស្អាតក្រោមប្រធានបទ « ទីក្រុងស្អាត÷ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» លើវិស័យទេសចរណ៍រួចមក។

ឯកឧត្តម អភិបាលខេត្តបានប្រកាស និងចែកគោលដៅគ្នា ដើម្បីបោសសម្អាតទីក្រុងបាត់ដំបង ដែលបាន និងកំពុងញាប់ដៃញាប់ជើង តុបតែងលម្អក្រុង ដើម្បីរៀបចំព្រឹត្តការណ៍បុណ្យទន្លេលើកទី៦ ខណ:ដែលខេត្តបាត់ដំបង ធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)