ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យនិស្សិត និងដៃគូសហការចែករំលែកអំពីការងារ បរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចពិភាក្សាសំណេះសំណាលជាមួយនិស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងដៃគូសហការរបស់ក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។

​យោងលើអត្ថបទព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គមបានឱ្យដឹងថា នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការចូលរួមពីសិស្ស និស្សិត និងដៃគូសហការចែករំលែកអំពីការងារបរិស្ថាន ទាក់ទងនឹងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការដាក់ធុងចម្រោះបរិស្ថាន នៅតាមសាលារៀន​ និងការប្រើប្រាស់ឡដុតសំរាមនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកិច្ចសហការជាមួយបុរី ដើម្បីលើកកម្ពស់ការប្រមូលសំរាម ការដាំដើមឈើរុក្ខជាតិហូបផ្លែក្នុងបុរី ដើម្បីសោភណ ភាព និងសុខភាព។ លើសពី​នេះ ឯកឧត្តមបានបញ្ជាក់ជូនអ្នកចូលរួមសហការផ្សព្វផ្សាយ ការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជាការរៀបចំ​វេទិកាតស៊ូមតិ នៅតាមសាលារៀនស្តីពីប្រធានបទបរិស្ថាន ដើម្បីជំរុញការសិក្សា ឈ្វេងយល់ពីបរិស្ថានឱ្យទូលំទូលាយផងដែរ ៕

ដោយ ពេជ្រ ណារិទ្ធ