មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ចជំរុញឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ពង្រឹងការអនុវត្ត លើកិច្ចការគាំពារជនងាយរងគ្រោះឱ្យមានប្រសិទ្ធភាពថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីត យុទ្ធជននិងយុវនិតិសម្បទា បានជំរុញដល់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ពង្រឹងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព​ថែម​ទៀតលើកិច្ចការគាំពារជនងាយរងគ្រោះនិងជនរងគ្រោះ ស្របតាមគោលនយោបាយរបស់​រាជ​រដ្ឋា​ភិ​បាល​លើវិស័យសង្គមកិច្ច។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទារាជធានីភ្នំពេញកាលពី ព្រឹក​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញឯកឧត្ដម សំហេង បុរស បានលើក​ឡើងថា ទន្ទឹមនឹងការពង្រឹងកិច្ចគាំពារជនងាយរងគ្រោះនិងជនរងគ្រោះ ក៏មានការងារជា​ច្រើន​ទៀតដែលត្រូវអនុវត្តន៍ ក្នុងនោះមានការស្រាវជ្រាវបង្កើតប្រព័ន្ធសន្តិសុខសង្គម និងកម្ម​វិធី​ផែនការសមាហរណកម្មកុមារ៣០ភាគរយ កុមារចេញពីមណ្ឌលថែទាំជំនួស។ ឯកឧត្ដមរដ្ឋ​លេខាធិការបានបន្ដថា តាមរយៈប្រព័ន្ធជំនួយសង្គមតាមកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូន​ស្ត្រី​មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ បាននិងកំពុងដំណើរការយ៉ាងមល្អប្រ​សើរផងដែរ។

ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានី​ភ្នំពេញ​បានជំរុញការគាំទ្រលើវិស័យសង្គមកិច្ចសម្រាប់ជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះដោយ ផ្តោតលើការអភិវឌ្ឍសុខុមាលភាពជនរងគ្រោះ ជនងាយរងគ្រោះ និងកិច្ចការគ្រួសារ ការ​អភិវឌ្ឍសុខុមាលភាពកុមារ។ ជាមួយគ្នានេះ ក៏បានជួយស្តារនិតិសម្បទាការអភិ វឌ្ឍសុខុមាល​ភាពជនពិការ មនុស្សចាស់ ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល​អតីត​យុទ្ធជន​ជាដើម ដែលកំពុងដំណើរការប្រកបដោយការយកចិត្តទុកដាក់។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតិតយុទ្ធជននិងយុវនិតិ សម្បទារាជធានី​ភ្នំ​ពេញបានលើកឡើងពីសកម្មភាពការងារជាច្រើនដែលមន្ទីរបានខិតខំសម្រេច​បានក្នុងរយៈ​ពេល១ឆ្នាំ ក្នុងឆ្នាំ២០១៩កន្លងទៅដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផែនការ សកម្ម​ភាពរបស់ខ្លួននៅថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងនៅតាមមូលដ្ឋាន។ លោកស្រីបាន​បញ្ជាក់ថា សកម្មភាពទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តន៍​គោលនយោ​បាយ​ជាតិតាមរយៈប្រពន្ធ័គាំពារសង្គម​និងប្រព័ន្ធជំនួយសង្គមដែលពេលនេះ បានឆ្លុះបញ្ចាំង អំពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៩និងលើកទិសដៅឆ្នាំ២០២០៕

ដោយ សួស សំរិត