ស្ថានទូតអាម៉េរិក និងក្រសួងវប្បធម៌ នឹងរៀបចំកិច្ចពិភាក្សាស្ដីពីតួនាទីរបស់ស្រ្ដីក្នុង​ការអភិរក្សវប្បធម៌ នាថ្ងៃទី១៣ ខែមីនាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកិច្ចពិភាក្សា​គ្នាស្ដីពី “ស្ដ្រីនៅក្នុងការអភិរក្សវប្បធម៌” ដើម្បីជាផ្នែកមួយនៃសកម្មភាព​របស់ស្ថានទូតក្នុងឆ្នាំ​នៃខួបលើកទី៧០ សម្រាប់ខែមីនា ដែលផ្ដោតទៅលើស្រ្ដី និងសមភាពយេនឌ័រ។ កិច្ចពិភាក្សា​នេះ នឹងធ្វើឡើងនៅក្នុងសារមន្ទីរជាតិ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ នេះបើយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កិច្ចពិភាក្សានេះគឺជាឱកាសមួយផងដែរ សម្រាប់​ទាញការចាប់អារម្មណ៍​លើកិច្ចប្រឹងប្រែងជាយូររបស់សហរដ្ឋអាមេរិក នៅក្នុងការអភិរក្សបេតិ​កភណ្ឌ វប្បធម៌ខ្មែរ និងសារៈសំខាន់នៃអ្នកជំនាញជាស្រី្ដក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ និងផ្តោត​ការ​យកចិត្តទុកដាក់លើវិស័យមួយ នៃកិច្ចសហប្រតិបត្ដិការទ្វេភាគីជាយូរមក។

ឯកឧត្ដម ឯកអគ្គរដ្ឋទូត W. Patrick Murphy នឹងធ្វើជាអ្នកសម្របសម្រួល ហើយ​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចូលរួម​ជាសមាជិក​ក្រុមវាគ្មិន។ ការពិភាក្សា នឹងឈ្វេងយល់លើទស្សនៈ បទពិសោធន៍និងតួនាទីរបស់អ្នក​ជំនាញ ជាស្រី្ដក្នុង​ផ្នែកបេតិកភណ្ឌវប្បធម៌ ដែលកំពុងធ្វើការងារអភិរក្ស។

ជាមួយគ្នានេះ មន្ត្រីនិងអ្នកចូលរួមចំនួនជាង៧០ នាក់ មកពីក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ សាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កម្មវិធីផ្តល់អាហារូបករណ៍ខ្នាតតូច ផ្នែក​ភាសា​អង់​គ្លេសរបស់​ស្ថាន​​ទូតអាម៉េរិក និងបណ្ណាល័យស្ថានទូត ដែលហៅថា មជ្ឈមណ្ឌល​អាម៉េរិក នឹងចូលរួមក្នុង​កិច្ចពិភាក្សានេះផងដែរ៕

ដោយ រិទ្ធី