រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

AKP កែប ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំបូកសរុប ការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ឹង ឆាយ អភិបាលខេត្តស្តីទី និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប និងលោក លោកស្រី ជាប្រតិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត  អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក អ៊ឹង ឆាយ អភិបាលខេត្តស្តីទី បានធ្វើរបាយការណ៍ អំពីលទ្ធផលក្នុងឆ្នាំ២០១៩កន្លងទៅ ដោយមានការយកចិត្តទុកដាក់ពី សម្ដេចតេជោ​ ហ៊ុន សែន​ ប្រមុខរាជរដ្ឋាភិបាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន ព្រះសង្ឃ ដែលបានជួយ ឧបត្ថម្ភគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្ត ធ្វើឱ្យការឆ្លើយតប និងអន្តរាគមន៍ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គិភ័យ និងគ្រោះថ្នាក់ដោយឧប្បត្តិហេតុផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកអភិបាលខេត្តស្តីទី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ​ ហ៊ុន សែន​ ប្រមុខរាជរដ្ឋាភិបាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងជួយអន្តរាគមន៍ ដល់រដ្ឋបាលខេត្តកែប ក្នុងការត្រៀមឆ្លើយតប​ និងជួយអន្តរាគមន៍ ជូនដល់ប្រជាពលរដ្ឋរង គ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ចំពោះយន្តការការងារឆ្នាំ២០២០ លោក អ៊ឹង ឆាយ អភិបាលខេត្តស្តីទី និងជាអនុប្រ ធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានដាក់ទិសដៅបន្តដឹកនាំ ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា នឹងបន្តដឹកនាំអនុវត្តន៍តាមអនុក្រឹត្យ រាជរដ្ឋាភិបាលលេខ១៨៨ អនក្រ.បក ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងជំរុញឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយភូមិ ដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាព និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងតាមជំនាញនីមួយៗ ក្នុងការបង្ការ ឆ្លើយតបនិងប្រើប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍ នៅពេលមានគ្រោះមហន្តរាយកើតឡើង។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប និងក្រុមការងារ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកត្រួតពិនិត្យសភាពការណ៍ទូទៅ ដែលពាក់ព័ន្ធនឹងគ្រោះមហន្តរាយ តាមដានព័ត៌មាន និងតាមដានស្ថានភាពអាកាសធាតុ ពិសេសការផ្សព្វផ្សាយអំពីវិធានការបង្ការការចម្លងជំងឺ COVID-19 នៅតាមមូលដ្ឋានឱ្យបាន ទាន់ពេលវេលា។ ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ត រាយគ្រប់ថ្នាក់ លេខាធិការដ្ឋាន និងក្រុមប្រតិបតិ្តទាំងអស់ ត្រូវបំពេញការងារឱ្យបានហ្មត់ចត់ ដោយធ្វើជាសេនាធិការដល់រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ ប្រាក់ លាង