សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលមានការភ័យខ្លាចទិញអង្ករ មី ទុក គួរកុំចេញមកក្រៅ ដេកក្នុងផ្ទះទៅ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា បើអ្នកណាមានការភ័យខ្លាច ហើយនាំគ្នាទិញអង្គរ មី ស្តុកទុកក្នុងផ្ទះ សូមកុំចេញក្រៅ ដោយ នៅដេកក្នុងផ្ទះ ហើយហូបឱ្យអស់ទៅ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “បើជ្រុល ទិញទុកហើយ ទិញទៅ បៀអីក្រែងខ្លាចមិនបានផឹកទិញទៅព្រោះស្រាបៀ​មានច្រើន​ណាស់​ក្រៅពីក្នុងស្រុក ក៏មានពីខាងក្រៅដែរ.. ទិញនេះរដ្ឋចូលពន្ធ អីចឹ្ចងនាំគ្នាទិញទៅ។ អីច្ចឹង​ទេអ្នក​ខ្លាច​បានជ្រុលខ្លាចហើយគួរទុកឡាន ម៉ូតូ នៅក្នុងផ្ទះ ហើយដេកស៊ីអង្ករឱ្យអស់ទៅ វាក៏​ធូរ​ស្រាលចរាចរណ៍ក្នុងក្រុងដែរ។” សម្ដេចតេជោបានលើកឡើងថា បើវាអីច្ចឹងហើយ ដូចរុញ​ទូកបណ្តោយទឹកទៅ  ប៉ុន្តែបើធ្វើការរដ្ឋ នោះគេនឹងដកចោល ហើយបើធ្វើការក្នុងវិស័យ ឯកជនគេ​ក៏លុបឈ្មោះចោលដែរ។ សម្តេចតេជោក៏បានបន្ដថា សម្ដេចមិនលើកទឹកចិត្តឱ្យ​មានការភ័យ​ខ្លាចនោះទេ ដោយទិញអង្គរទុក ស្រាបៀដោយខ្លាចមិនបានមកផឹកនៅខាងក្រៅ ហើយបើជ្រុលដូចនេះហើយ សម្ដេចលើកទឹកចិត្តឱ្យដេកស៊ី អង្ករនោះឱ្យអស់ ។ សម្ដេចតេជោ​បានឱ្យដឹងទៀតថា មនុស្សម្នាក់មិនអាចមិនធ្វើទំនាក់ទំនងគ្នា ដោយនៅតែក្នុងផ្ទះបាននោះ​ទេ។ ជាមួយគ្នានេះ រឿងដែលមិនគួរខ្លាចសោះបែរជានាំគ្នាទិញអង្ករ ទិញអ្វីៗ ហើយគួរនាំគ្នា​មកភ័យខ្លាចពីគ្រោះថ្នាក់ចរាចរណ៍នោះវាល្អជាង។

សម្តេចតេជោក៏បានជំរុញដល់អ្នកដែលមិនជឿគ្រូពេទ្យកម្ពុជា សូមអញ្ជើញទៅរកគ្រូ​ពេទ្យ​នៅ​ប្រទេសក្រៅទៅ ប៉ុន្តែប្រហែលគេមិនឱ្យចូលទឹកដីគេទេមើលទៅ។  សម្ដេចតេជោ​ថ្លែង​បញ្ជាក់ថា “ឥឡូវបើកសិទ្ធិឱ្យអស់លោក លោកស្រី អ្នកនាងកញ្ញា ចង់ទៅធ្វើ ដំណើរទៅ​ណាអញ្ជើញចុះ។ ប៉ុន្តែខ្ញុំដឹងចម្លើយបាត់ទៅហើយថាគេមិនឱ្យទៅទេ  អីច្ចឹងគ្មានជម្រើសណា​ក្រៅពីសហប្រតិបត្តិការជាមួយគ្រូពេទ្យកម្ពុជានោះទេ។ ខ្ញុំឱ្យទៅនេះមិនមែនខ្ញុំផ្ចាញ់ផ្ចាល នោះទេ។”

សម្តេចតេជោបានបន្ថែមថា ការដែលគ្រូពេទ្យបរទេសមិនឱ្យទៅគឺជារឿងវេជ្ជសាស្ត្រ ប៉ុន្តែសួរតើបើគ្រូពេទ្យកម្ពុជាមិនពូកែ ហើយគ្រូពេទ្យបរទេសពូកែ ម៉េចមនុស្សនៅតែឆ្លងបាន ដូចជានៅប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី  និងប្រទេសដដៃទៀត។ ដូច្នេះ ត្រូវមានវិធានការ សហការប្រតិបត្តិការរួមគ្នា មិនថានិន្នាការនយោបាយនោះទេ នៅពេលមានកម្តៅ​ខ្លាំងត្រូវ​ឱ្យគ្រូពេទ្យពិនិត្យ៕

ដោយ ប៊ុនរិទ្ធ