ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលការដឹកជញ្ជូនវត្ថុធាតុដើម បានទៅដល់កន្លែងផលិតឱ្យបានឆាប់រហ័ស

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងផ្នែកដែលមានការទាក់ទងជាមួយនឹងការដឹកជញ្ជូនធ្វើ​សកម្ម​ភាព​​ឱ្យបានឆាប់ ដើម្បីឱ្យវត្ថុធាតុដើមនោះមកដល់កន្លែងផលិត ដើម្បីចៀសវាងការបិទរោង​ចក្រ ព្យួរការងាររបស់កម្មករ កម្មការិនី។

ក្នុងពីធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន៣,៤៥៨នាក់ ដែលធ្វើ ឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុង​ខណៈ​ដែល​ជំងឺកូវីដ១៩បាននិងកំពុងរាត្បាតប្រទេសនានានៅលើពិភពលោកនោះ បានធ្វើឱ្យ​សេដ្ឋ​កិច្ច​នៅលើពិភពរងផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះចង្វាក់ផលិតកម្មគាំងនៅប្រទេសចិន ឬផ្អាកការ​ផលិតនៅប្រទេសចិន។ ប៉ុន្តែ ចិន បានដើរតួនាទីសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក ប្រទេសមួយចំនួនដូចជាកម្ពុជា ទទួលវត្ថុធាតុដើម៦០ភាគរយ ពីប្រទេសចិន ដើម្បីផលិត​ចេញនូវសម្លៀកបំពាក់សម្រាប់ការនាំចេញ។ សម្ដេចតេជោបានលើកឡើងថា  សម្រាប់​កម្ពុជា​នៅពេលដែលផលប៉ះពាល់បានមកដល់ នោះគឺខ្វះវត្ថុធាតុដើមសម្រាប់ការផ្គត់ផ្គង់ឱ្យរោងចក្រ​កាត់ដេរ។ ប៉ុន្តែដោយសារសំណូមពររបស់កម្ពុជា និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ហើយក៏មានការយោគយល់ពីសំណាក់ភាគីចិន មិត្តចិនបានយកនាវាចំនួន៧គ្រឿង​សម្រាប់​ការដឹកវត្ថុធាតុដើមមកកាន់កម្ពុជា ដែលម្សិលមិញបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុ​​ដែលមានចំនួនជាង៦០កុងតឺន័រ និងមាននាវាចូលចតជាបន្តបន្ទាប់ទៀត។

សម្ដេចតេជោបានបន្តថា នេះបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង​កម្ពុជានិងចិន ដែលកម្ពុជាទទួលបានវត្ថុធាតុដើម ដើម្បីដោះស្រាយបញ្ហាការងារធ្វើសម្រាប់​កម្មករនិងស្ថិរភាពនៃសង្វាក់ផលិតកម្មបម្រើឱ្យការនាំចេញរបស់កម្ពុជា។ សម្ដេចតេជោ​នាយក​ រដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា “ដូច្នេះខ្ញុំស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងផ្នែកដែលមានការទាក់​ទងជាមួយនឹងការដឹកជញ្ជូនធ្វើសកម្មភាពឱ្យបានឆាប់ ដើម្បីឱ្យវត្ថុធាតុដើមនោះមកដល់​កន្លែងផលិត ដើម្បីចៀសវាងការបិទរោងចក្រ ព្យួរការងាររបស់កម្មករកម្មការិនី”។ សម្ដេចតេ​ជោ​បានបន្ថែមថា អាជ្ញាធរគ្រប់ផ្នែក ត្រូវខិតខំសម្រួលនៅគ្រប់បណ្ដាខេត្តទាំងអស់ដែល​មាន​រោងចក្រ ដើម្បី​ឱ្យរថយន្តដឹកវត្ថុធាតុដើមទៅដល់បានឆាប់រហ័ស។ សម្ដេចតេជោបាន​បញ្ជាក់ផងដែរថា “នៅក្នុងប្រទេសរបស់យើងរោងចក្រខ្លះផ្អាកការផលិត ប៉ុន្តែរោងចក្រខ្លះ​បង្កើន​ការផលិត គឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ចាម និងតំបន់សេដ្ឋកិច្ចពិសេសបាវិត ដោយ​សារតែរោងចក្រទាំងនោះ ផលិតសម្ភារបរិក្ខារពេទ្យ”៕

ដោយ ជឹម ណារី