សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលចាត់គ្រូពេទ្យ​ទទួលទូរស័ព្ទពី​ប្រជាពលរដ្ឋទាក់ទងនឹងជំងឺកូវីដ-១៩ ហើយត្រូវធ្វើការ២៤ម៉ោងលើ២៤ម៉ោង

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើ​ទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវចាត់គ្រូពេទ្យ ដែលមានសមត្ថភាពរង់ចាំលើក​ទូរស័ព្ទ​ពីការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយត្រូវធ្វើការ២៤ម៉ោង លើក២៤ ដោយកុំរុញដាក់គ្នា។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គ្រូពេទ្យអ្នកលើកទូរស័ព្ទ(១១៥)ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវធ្វើការ២៤ម៉ោងលើ២៤ម៉ោង  ហើយកុំរុញដាក់អ្នកនេះអ្នកនោះ ពោលគឺត្រូវតាមដាន និងរកទីតាំងដែលអ្នករាយការណ៍​នោះឱ្យបានច្បាស់លាស់។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំស្នើឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ចាត់​​​តាំង​មនុស្សដែលមានសមត្ថភាពក្នុងការកាន់ទូរស័ព្ទលេខ១១៥ប្រចាំការ។ ខ្ញុំឃើញគេ​បង្ហោះលើ​​ហ្វេសប៊ុកថា គេបានហៅទៅកន្លែងមួយ ហើយកន្លែងប្រាប់ថាទៅទាក់ទងទៅកន្លែង​នោះ ហើយកន្លែងនោះថាទៅទាក់ទងទៅកន្លែងនោះ ហើយឆ្លើយដាក់គ្នា។ អីច្ចឹងទេ​សុំ​ពង្រឹងសមត្ថភាពជាបន្ទាន់ចំពោះអ្នកប្រចាំការ កុំឱ្យគេតេមកមិនលើលហើយរុញដាក់ទៅនេះ ទៅនោះ។” សម្តេចតេជោបានណែនាំថា ​ត្រូវពង្រឹងសមត្ថភាពដោយត្រូវប្រចាំការ​២៤ម៉ោងលើ​២៤ម៉ោង ក្នុងការឆ្លើយតបនៅពេលទូរស័ព្ទរោទិ៍ ហើយមិនត្រូវពេលគេមក​សួរហើយ​ឱ្យគេទៅ​រកកន្លែងផ្សេងនោះទេ  គឺខ្លួនត្រូវតែធ្វើការទាក់ទងទៅវិញ ដើម្បីឱ្យគេទៅពិនិត្យមនុស្សនោះ​យ៉ាងម៉េច។ សម្ដេចតេជោបានបន្ថែមថា “ត្រូវពង្រឹងសមត្ថភាពឱ្យទាន់ពេលចំពោះសេវានឹង​ដើម្បីកុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភឱ្យសោះ”។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអំពាវនាវផងដែរថា សុំកុំមានការរើសអើងអ្នក​នៅ​​សៀម​រាបឱ្យសោះ ដែលចំណុចនេះគឺជាចំណុចគ្រោះថ្នាក់ និងមិនហានធ្វើដំណើរ ទៅ​កាន់​ខេត្តសៀមរាប ទាំងការដើរកម្សាន្តផងដែរ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “សុំកុំឱ្យ មាន​ការរើស​អើងឱ្យសោះចំពោះជនជាតិខ្មែរយើង យើងគ្រាន់តែមិនរើស​អើងជន​បរទេស​ផ្សេង​ទៀត ប៉ុន្តែយើងត្រូវតែពិនិត្យឱ្យបានល្អនៅតាមទីព្រលានយន្តហោះ”។

សម្ដេចតេជោបានបន្ថែមថា មនុស្ស២២នាក់ដែលបុរសប៉ះពាល់ជាមួយបុរសម្នាក់ អាយុ៣៨ឆ្នាំ រកឃើញមានជំងឺកូវីដ-១៩នោះ ត្រូវបានយកសំណាក់វិភាគ ដែលលទ្ធផលមិន មានរោគ្គសញ្ញាវីរុសកូវីដ-១៩នោះទេ ដែលពេលនេះបុរសម្នាក់នេះ មានសុខភាពធម្មតា ហើយត្រូវបានដាក់ ឱ្យនៅដាច់ដោយឡែកពីគេដើម្បីធ្វើកាព្យាបាលឱ្យជាសះស្បើយ។ ជាមួយ​គ្នានេះ គ្រូពេទ្យកំពុងធ្វើការស្វែងរកអ្នកដែលប៉ះពាល់ជាមួយបុរសនោះ និងជនជាតិជប៉ុន ដែល​ឆ្លងជំងឺកូវីដ-១៩នេះដើម្បីយកសំណាកមកវិភាគស្វែងករកជំងឺកូវីដ-១៩។ សម្ដេចតេ​ជោ​បានបន្ថែមទៀតថា បុរសជនជាតិខ្មែរឆ្លងជំងឺកូវីដ-១៩នេះបានឆ្លងពីជនជាតិជប៉ុន ដែលជន​ជាតិជប៉ុនរូបនេះដោយមិនដឹងថា គាត់ឆ្លងជំងឺកូវីដ-១៩នេះ មកពីប្រទេស ណាមួយច្បាស់​លាស់នោះទេ ព្រោះថាគាត់បានធ្វើដំណើរច្រើនប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា នៅក្នុងប្រទេសកម្ពុជា​មានអ្នកឆ្លងជំងឺ​កូវីដ-១៩គឺជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ ដែលបានព្យាបាលឱ្យជា ហើយត្រឡប់ទៅ​ប្រទេសរបស់គាត់វិញ។ ករណីជនជាតិជប៉ុន  ដែលមិនដឹងឆ្លងពីប្រទេស​ណានោះ​​ទេ និងជន​ជាតិខ្មែរនៅខេត្តនៅសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន។

សម្តេចតេជោបានលើកឡើងថា គិតរហូតមកដល់ពេលនេះ ជំងឺឆ្លងកូវីដ-១៩ ត្រូវបាន គេរៀបចំជាចំណាត់ថ្នាក់របស់ប្រទេសឆ្លងជំងឺនេះ ដោយប្រទេសចិន ជាប់លំដាប់លេខ១ ប្រទេសប្រទេសអ៊ីតាលី លេខ២(ខាងឆ្លង និងស្លាប់) ប្រទេសលំដាប់លេខ៣ គឺប្រទេសអ៊ីរ៉ង់ ឈរលំដាប់លេខ៤៕

ដោយ ប៊ុនរិទ្ធ