អភិបាលខេត្តកណ្តាល​ ចុះពិនិត្យបន្ទប់ព្យាបាល​ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ​ដើម្បីត្រៀមបង្ការក្នុងករណី​មានអ្នកឆ្លងជំងឺ covid-19​ កើតឡើង

AKP កណ្តាល ​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី​០៩​ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្តកណ្តាល​ បាន​ដឹកនាំមន្ត្រី​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ រួមជាមួយ​​អភិបាល អភិបាលរង​ក្រុង ស្រុក​ ទាំង​១១​ ​ចុះពិនិត្យ​ការរៀបចំ​ ត្រៀម​​ការការពារ​ ក្នុង​ករណី​មានអ្នកឆ្លង​ជំងឺ ​Covid-19​ នៅមន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។

ឯកឧត្ដម​ គង់​ សោភ័ណ្ឌ​​ បាន​ប្រសាសន៍​ថា​ ខេត្ត​កណ្ដាល​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ក្នុងការ​​ទទួល​យក​អ្នកឆ្លង​​ជំងឺ ​covid-19​ ប្រសិនបើកើតមាន ដោយ​បាន​រៀប​ចំ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ និង​បន្ទប់សម្រាប់​អ្នក​ជំងឺ​​ ឱ្យ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ និង​មិន​អាច​ទៅ​ចម្លង​អ្នក​ដទៃ​បាន​ និង​ធ្វើ​ការ​ពិនិត្យ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ​នេះ​ផងដែរ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ ក៏បាន​ណែនាំ​ដល់ ​អភិបាល​ អភិបាលរង ក្រុង ស្រុក​ ទាំង​អស់​ត្រូវ​ត្រៀម​ឧបករណ៍​ បន្ទប់​ និងគ្រូ​ពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​ ក្នុង​មូលដ្ឋាន​របស់ ​ខ្លូន​ ដើម្បី​ត្រៀមទទួល​អ្នក​ជំងឺ​ ​ក្នុង​ករណី​មាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី ​covid-19។ ឯកឧត្ដម​អភិបាលខេត្ត​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​រក្សា​អនាម័យ​ជាប្រចាំ​ដោយអនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ ហើយបើសិនបងប្អូននៅតាមមូលដ្ឋានមានការសង្ស័យដូចជា កម្តៅក្នុងខ្លួនក្តៅលើសពី៣៧អង្សា អាចអញ្ជើញមកពិនិត្យ និង ពិគ្រោះជាមួយ គ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកជ័យជំនះបាន និង​មន្ទីរពេទ្យ​ដែល​នៅជិត​ ដែលមានឯកទេសត្រឹមត្រូវ និងឧបករណ៍គ្រប់គ្រាន់។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា មកទល់ពេលនេះ​នៅខេត្តកណ្តាលមិនទាន់មានវត្តមានជំងឺ covid-19 នៅឡើយទេក្នុងទឹកដីខេត្តកណ្តាល ហើយឯកឧត្តមអភិបាលខេត្ត​ បានស្នើដល់ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ នូវ​ព័ត៌មាន​ដែល​កំពុង​មាន​ជាក់ស្ដែង​ និងត្រូវ​នាំ​គ្នា​យកចិត្តទុកដាក់​ទប់ស្កាត់​នូវ​រាល់​ព័ត៌មាន​ក្លែងក្លាយ​ដែល​ទទួល​បាន​ពី​ប្រភព​មិន​ច្បាស់លាស់។ ដែល​ការ​ផ្សាយ​នោះ​ធ្វើ​ឱ្យ​សាធារណជន​មានការ​យល់​ច្រឡំ មានការ​ភ័យ​ខ្លាច​នៅ​ក្នុង​ខេត្ត​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទាំងមូលផង​ដែរ៕

ដោយ ណយ នឿន (ប្រពភៈអភិបាលខេត្តកណ្តាល)