រដ្ឋបាលខេត្តរតនគិរី បើកវគ្គបណ្តុះបណ្តាល តម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក

AKP រតនគិរី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ — នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តរតនគិរី ដោយមានការគាំទ្រពីនាយកដ្ឋានបណ្តុះបណ្តាល នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ជូនដល់មន្ត្រីរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី ដោយមានការចូលរួពីអភិបាល អភិបាលរងក្រុង ស្រុក ក្រុង ស្រុក និងមន្ត្រីពាក់ពន្ធជាច្រើនរូបទៀត។

ឯកឧត្តម លន់ សុភាព មានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជារបៀបវារៈដ៏សំខាន់មួយក្នុងចំណោមរបៀបវារៈដទៃទៀត នៃកំណែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានឈានចូលដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(២០១០-២០១៩)។ ឯកឧត្តម បានបន្តថា ជាពិសេសមន្ត្រីស្ថិតនៅក្នុងរចនាសម្ព័ន្ធថ្មីដែលទើបប្រកាសបញ្ចូលក្នុងរដ្ឋបាល ក្រុង ស្រុក ឱ្យទទួលបានចំណេះដឹង របៀបរបបការបំពេញការងារ បទពិសោធន៍ ពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ ក្នុងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានកាន់តែប្រសើរឡើង ស្របតាមការវិវឌ្ឍន៍នៃសង្គមជាតិ លើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម អភិបាលរងខេត្តរតនគិរី បានសម្ដែងនូវក្ដីសង្ឃឹមថា ក្រោយទទួលបានវគ្គតម្រង់ទិសនេះ មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក នឹងអនុវត្តន៍នូវរបៀបរបបការងារប្រចាំថ្ងៃ និងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីប្រជាពលរដ្ឋ និង ធ្វើឱ្យសង្គមជាតិយើងរីកចម្រើន ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តរតនគិរី)