សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកម៉ាស់ផ្តល់ជូនមន្ទីរពេទ្យបង្អែកខេត្ត

AKP សៀមរាប ថ្ងៃទី​​​១០ ខែ​មីនា ឆ្នាំ២០២០ —  នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនិងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដល់មន្រ្តីសុខាភិបាល ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបាននឹងកំពុងធ្វើការយ៉ាងសកម្មទាំងថ្ងៃទាំងយប់ក្នុង១ថ្ងៃ ជុំវិញករណីមេរោគ ខូវីដ​១៩ (COVID-19 )។ នៅក្នុងខណៈពេលចុះសួរសុខទុក្ខនោះដែរ ក៏បាននាំយកម៉ាស់ចំនួន ៣.០០០ម៉ាស់ ទឹកបរិសុទ្ធចំនួន ៥០កេស និង មី៣៦កេស ផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

នៅក្នុងពិធីជួបសំណេះសំណាលនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជូនចំពោះប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុខាភិបាលខេត្ត ប្រធាន អនុប្រធាន ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលបាន និងកំពុងផ្ដល់សេវាសុខភាពយ៉ាងចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវានៅទីនោះ ជាពិសេសជុំវិញករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី (COVID-19) នេះ។

លោកជំទាវ ទាង អេង បានសម្ដែងនូវអំណរអរគុណបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់ក្នុង១ថ្ងៃៗ ជុំវិញករណី COVID-19 នេះ ។ លោកជំទាវបានលើកឡើងថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំជូនដល់មន្ទីរបង្អែកខេត្តសៀមរាប នាពេលនេះមានចំនួនតិចតួចក្តី ក៏សង្ឃឹមថានឹងអាចសម្រួលដល់មន្ទីរពេទ្យនេះបានមួយចំណែកតូចណាមួយដែរ ហើយក៏ជាការបង្ហាញនូវការគិតគូររបស់ថ្នាក់ដឹកនាំ ពិសេសកាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ៕

ដោយហង្ស សៀក