ក្រសួងពាណិជ្ជកម្មចិន កំពុងតែចាត់វិធានការសម្រប​សម្រួលធានា​ដល់ការផ្តល់ និងដឹកជញ្ជូន​វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ផ្នែកកិច្ចការពាណិជ្ជកម្មនៃស្ថានទូតរបស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកឡើងថា ក្រសួង​ពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជា​កំពុងតែចាត់​វិធានការសម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យវាយ​ន​ភណ្ឌ​កាត់ដេរ​នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្នុងនាមជាបងប្អូនដែកថែប ប្រទេស​ចិន​កំពុងតែចាត់វិធានការសកម្មភាពយ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម ក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ស្ថានទូតនៃ​សាធារណរដ្ឋ​ប្រជាមានិតចិនប្រចាំនៅកម្ពុជា។

លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យ​ដឹង​ថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍​ជោគវាសនារួម​រវាង​ចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាក​ក្នុងកិច្ចការ​មួយ​នេះ។ លោកបានគូសបញ្ជាក់ថា សហគ្រាស និងបុគ្គលិកចិនតែងលើកឡើងថា ការលំបាក​ដែលបងប្អូនកម្ពុជាកំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើង​អាចជួយដល់ប្រទេសកម្ពុជាដោយអស់ពីកម្លាំងកាយ និងចិត្ត។

លោកបានបន្ដថា តាមអ្វីដែលបានដឹង ក្រុមហ៊ុនដឹកជញ្ជូនSITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូនCOSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូនOriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូនSINOTRANS / RCL និងក្រុមហ៊ុនដឹក​ជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានា ក្នុងការធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុ​ធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹក​ជញ្ជូនវត្ថុធាតុដើមច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។  ក្នុងនោះក្រុមហ៊ុនSITC ដែលបានដឹកជញ្ជូនវត្ថុធាតុដើមជាង៦០កុងតឺន័រ នឹងមកដល់កំពង់ផែខេត្ត​ព្រះសីហនុមុនគេ​បង្អស់នាថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះ។ ចំណែកភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះ​ចតនៃកប៉ាល់ដឹកវត្តុធាតុដើមនេះក្នុងកំពង់ផែខេត្តព្រះសីហនុ ជួយលើកកម្ពស់អត្រា​ប្រសិទ្ធ​ភាព​នៃការដាក់ទំនិញចុះ​និងអត្រាប្រសិទ្ធភាពនៃការផ្តល់ទំនិញដល់អតិថិជននៅក្នុង​កំពង់ផែ​ផ្ទាល់។ ទន្ទឹមនេះ ជួយផ្តល់អទិភាពក្នុងការបើកច្រកបៃតងសម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អទិភាពក្នុងការដឹកជញ្ជូនកុងតឺនឺតាមរយៈរថយន្តស្ទូចដោយបានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។

លោក Wu Guoquan បានបន្ថែមថា “យើងជឿជាក់ថាស្ថិតនៅក្រោមការ​គាំទ្រពីរដ្ឋាភិ​បាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់​វិស័យ​វាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជាបាន​យ៉ាង​ឆាប់​រហ័ស”។ លោកបានបន្ថែមទៀតថា ចំពោះការខាតបង់នៃភាគីកម្ពុជានឹងអាចធ្លាក់ដល់​អត្រាទាបបំផុត វិស័យកាត់​ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុត​នូវដំណាក់កាលដ៏លំបាក​មួយនេះបានយ៉ាងឆាប់រហ័ស៕

ដោយ រិទ្ធី