មន្រ្តីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ អះអាងថា ការប្រើប្រាស់ប្រព័ន្ធធនាគារ​ដើម្បីបើក​ប្រាក់បៀវត្សរ៍ធ្វើឱ្យគ្មានមន្រ្តីខ្មោចទៀតនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបានអះអាងថា តាមរយៈ​ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតឱ្យមានការបើកប្រាក់បៀវត្សរ៍មន្រ្តីរាជការនៅតាមធនាគារ បានធ្វើឱ្យគ្មានមន្រ្តីខ្មោចទៀតនោះទេ គឺបានន័យថាលុះត្រាតែមន្រ្តីម្នាក់ៗ​​មានគណនេយ្យផ្ទាល់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់ក្រសួងមុខងារ​សាធារ​ណៈ កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា នៅពេលដែលយើងរុញការងារនេះទៅ ការងារនេះគឺដូចជាការ​ធ្វើ​ជំរឿន​មន្រ្តីរាជការ ដោយជម្រុះអ្នកមានតែឈ្មោះ តែអត់មានមនុស្សធ្វើការងារពិតប្រាកដ។ ឯកឧត្តមបានបញ្ជាក់ថា មន្រ្តីរាជការយើងបច្ចុប្បន្នសុទ្ធតែមានគណនេយ្យនៅ​ក្នុងធនាគារ​ហើយប្រាក់ខែត្រូវផ្ទេរទៅក្នុងគណនេយ្យរបស់ពួកគាត់ទាំងស្រុងដោយគ្មានការបារម្ភថាមានគេកាត់លុយនោះទេ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ដោយឡែកការកាត់ពន្ធប្រាក់​បៀវត្សរ៍​ក៏មានការងាយស្រួលផងដែរ ដោយយើងកាត់ពន្ធដោយស្វ័យប្រវត្តិនៅក្នុងធនាគារ។

ឯកឧត្តមបានអះអាងថា ក្រសួងមុខងារសាធារណៈ ធ្វើការជាមួយអគ្គនាយកដ្ឋាន​ពន្ធដារ និងខាងរតនាគារជាតិ ដើម្បីធ្វើការងារនេះឱ្យមានតម្លាភាព និងយុត្តិធម៌បំផុត ៕

ដោយ ចាន់ សុធីវង្ស