អាជ្ញាធរខេត្តសៀមរាបគ្រោងចុះសម្អាតតាមទីតាំងសាលារៀន ខណៈសាលារៀន​ជាង១១០បានបិទបណ្តោះអាសន្ន ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩

AKP សៀមរាប ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា នៅក្នុងឱកាសដែល​រាជរដ្ឋា​ភិបាល​សម្រេច​ឱ្យបិទសាលារៀននៅទីប្រជុំជន ក្នុងខេត្តសៀមរាបជាបណ្តោះ​អាសន្ន ដើម្បី​ បង្ការការឆ្លង​មេរោគកូរ៉ូណា ឬកូវីដ-១៩ ដែលអាជ្ញាធរខេត្តសហការជា​មួយមន្ទីរសុខាភិ​បាល សហភាពសហ​ព័ន្ធយុវជនកម្ពុជា នឹងចុះទៅសម្អាតនៅតាមសាលារៀន និងនៅតាមទី​សាធារណៈ ដើម្បីកម្ចាត់មេរោគផ្សេងៗ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពស្ថាបនាផ្លូវនានា​ក្នុង​ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា បានលើកឡើងថា យុទ្ធនាការសម្អាតនេះ នឹងធ្វើនៅក្នុងអំឡុងសប្តាហ៍នេះ ដោយមានការបែងចែកជាក្រុមក្នុ​ង​ការ​ចុះទៅសម្អាត ដោយអនុវត្តន៍ទៅតាមបច្ចេកទេសនៃមន្ទីរសុខាភិបាល ថាតើប្រើប្រាស់​សាប៊ូ និងថ្នាំបែបណាខ្លះ។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា សកម្មភាពនេះ ក៏ចង់បង្ហាញ​ទៅដល់ប្រជាពលរដ្ឋនៅក្រៅខេត្តសៀមរាបថា សៀមរាបមានសុខភាពល្អ សៀមរាបគ្មាន​ការភ័យ​ខ្លាចនោះទេ៕

ដោយ ឃុត សៅ