អ្នកជំនាញផ្នែកសម្ភព និងរោគស្ត្រី៖ ជំងឺមហារីកមាត់ស្បូនភាគច្រើន​កើតឡើងលើស្រ្ដីអាយុ​ចាប់ពី​៣៥ឆ្នាំឡើង និងបណ្ដាលមកពីស្រ្ដីធ្លាក់ឈាមខុសពីប្រក្រតី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — អ្នកជំនាញផ្នែកសម្ភព និងរោគស្រ្ដីបានលើកឡើងថា កត្ដាដែលធ្វើឱ្យស្ត្រីកើតជំងឺ​មហារីក​មាត់ស្បូន ភាគច្រើនដោយសារការធ្លាក់ឈាមខុសពីប្រក្រតី និងកើតឡើងលើស្រ្ដីដែល​មានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីស្ត្រី កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅមន្ទីរពេទ្យរ៉ូយ៉ាល់​ភ្នំពេញ លោកវេជ្ជបណ្ឌិត DAMRONG PATTANUMOTANA អ្នកជំនាញផ្នែកសម្ភព និងរោគស្រ្ដី នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានគូស​បញ្ជាក់ថា កត្ដាដែលធ្វើឱ្យស្ត្រីមានជំងឺមហាមាត់ស្បូន​ដោយសារស្ត្រីនោះមាន​ការធ្លាក់ឈាមតាមទ្វារមាសខុសពីប្រក្រតី។ ​ប៉ុន្តែក៏មានកត្តាមួយ​ចំនួន​​​​ដែលកម្រ​​នឹងអាចកើត​មានទៅជាជំងឺមហារីក ដូចជាស្ត្រីនោះមានជំងឺនៅតំបន់ផ្នែកត្រ​គាក ឬក៏ធ្លាក់​សជា​ដើម។ ចំពោះវិធានការក្នុងការព្យាបាលជំងឺមហារីមាត់ស្បូននេះ លោកវេជ្ជ​បណ្ឌិតបានបញ្ជាក់បន្ថែមថា “អ្វីដែលសំខាន់នោះគឺស្ត្រីត្រូវទៅពិនិត្យនៅមន្ទីពេទ្យជាដំបូង ព្រោះ​ថាមហារីកទាំងអស់មិនអាចបញ្ជាក់ចេញជារោគសញ្ញានោះទេ។ ការពិនិត្យដំបូង​ដើម្បី​ធ្វើការ​ការពារគឺជាចំណុចសំខាន់។  អីញ្ចឹងបានជាយើងលើកទឹកចិត្តឱ្យស្រី្ដនៅក្នុងប្រទេស​កម្ពុជាមកធ្វើការត្រួតពិនិត្យសុខភាព ដើម្បីមើលថាតើគាត់មានបញ្ហាអ្វីកើតឡើង។”

លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ស្ត្រីទាំងអស់គួរតែទទួលបានការចាក់វ៉ាក់សាំង​ពួកHPV  ដែលជាវាក់សាំងមួយប្រភេទ សម្រាប់ការពារការកើតជំងឺមហារីកមាត់ស្បូន។

លោកស្រីវេជ្ជបណ្ឌិត Alin Petcharopas អ្នកជំនាញផ្នែកសម្ភព និងរោគស្រ្ដី បានឱ្យ​ដឹងដែរថា ជំងឺមហាផ្ទៃមាត់ស្បូនភាគីច្រើនកើតនៅតាមប្រទេសតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ​ក៏មាន​កម្ពុជា និងថៃផងដែរ ដែលនាពេលអនាគត អាចមានបញ្ហាប្រឈមមុខច្រើនចំពោះជំងឺ​មហារីកមាត់ស្បូននេះ។ លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា ជំងឺមហារីកមាត់ស្បូន គឺមានរោគ​សញ្ញា​ដំបូងដែលសំខាន់ សម្រាប់ស្រី្ដសង្ស័យថាមានជំងឺមហារីកមាត់ស្បូន​គឺការធ្លាក់ឈាម​ខុសពីប្រក្រតី ដូចជាក្រោយពេលស្រី្ដនោះ រួមភេទ (រួមសង្វាក់) គាត់មានការធ្លាក់ឈាម  ឬគ្មានការធ្លាប់ឈាម មិនដោយសារការរួមភេទនោះទេ។ ប៉ុន្តែស្ត្រីនោះធ្លាក់ឈាមខុសប្រក្រតី​តែ​ម្តង​​ដែលជាសញ្ញាសំខាន់នៃជំងឺមហារីកមាត់ស្បូននេះ។ លោកស្រីវេជ្ជបណ្ឌិតបានអះ​អាង​ថា ស្ត្រីដែលកើតជំងឺមហារីកមាត់ស្បូនភាគច្រើនកើតចំពោះស្ត្រីដែលរូមភេទ ហើយមានអាយុ​ចាប់ពី៣៥ ឆ្នាំឡើងទៅ ដែលអាចនឹងកើតជំងឺមហារីកមាត់ស្បូន។

លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញគឺមាន​ឧបករណ៍​គ្រប់​​ប្រភេទ​ក្នុងការពិនិត្យព្យាបាលជំងឺមហារីកមាត់ស្បូននេះ។ ទន្ទឹមនេះ ដើម្បីដឹង​មុន​​ដំបូងនៃរោគសញ្ញាមហារីកមាត់ស្បូននេះ គ្រូពេទ្យ នឹងពិនិត្យមើលពីកោសិកា​មហារីក មាត់ស្បូន  និងធ្វើតេស្ត មើលពពួក​មេរោគHPV ដែលនៅពេលដែលធ្វើតេស្តរួច ហើយរក​ឃើញ​​ថា​ស្ត្រីនោះមានបញ្ហាខុសប្រក្រតី​ ​មន្ទីពេទ្យក៏មានម៉ាស៊ីនពិនិត្យ និងស្កែន ដើម្បីបង្ហាញ​ឱ្យកាន់តែច្បាស់ថែមទៀត។

ជាមួយគ្នានេះ ដើម្បីចៀសវាងការកើតជំងឺមហារីកមាត់ស្បូននេះ លោកស្រីវេជ្ជបណ្ឌិត​បាន​ណែ​នាំដល់​ស្ត្រីគ្រប់រូប ត្រូវតែ​គិតគួរ​ពីការពិនិត្យសុខភាព ការរួមភេទ​ប្រកបដោយ​សុវត្ថិភាព  និងការទៅទទួលវ៉ាក់សាំងព្យាបាល  និងពិនិត្យ​ជាដំបូង ដោយធ្វើការតាមដាន​ជាប្រចាំ ដើម្បីកុំឱ្យមានបញ្ហាកើតឡើង ជាពិសេសបើ​មានបញ្ហាកើតឡើង ឬមានជំងឺមហារីក​នេះ អាចព្យាបាលទាន់ពេលវេលា៕

ដោយ រិទ្ធី