សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រោងចក្រ សហគ្រាស កុំឆ្លៀតពេលកំពុងព្យួរ ការងារកម្មករ លុបចោលនូវកិច្ចសន្យាការងារជាមួយកម្មករ

AKP ពោធិ៍សាត់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — ក្នុងខណៈដែលពិភពលោកកំពុងជួបប្រទះនូវការរាតត្បាតនៃជំងឺកូវីដ-១៩នោះ ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់រោងចក្រ សហគ្រាសដែលផ្អាក ឬព្យួរការងារកម្មករ កម្មការិនី កុំឆ្លៀតពេលកំពុងព្យួរការងារ លុបចោល​នូវកិច្ចសន្យាការងារជាមួយកម្មករ កម្មការិនីឱ្យសោះ។

ថ្លែង​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦​គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ)  និងពិធីបើកការដ្ឋាន​សាងសង់ផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៧១ គីឡូម៉ែត្រ ចាប់ពី សំឡូត-វាលវែង-អូរសោម ដល់កោះកុង នាព្រឹកថ្ងៃចន្ទ ០១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់  សម្ដេចតេជោ ហ៊ុន សែន បានប្រកាស​ជូនព័ត៌មានដ៏រីករាយសម្រាប់កម្មករ កម្មការិនីរបស់កម្ពុជាថា មិត្តចិនបានរៀបចំនាវាចំនួន៧​គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ឱ្យបណ្ដារោងចក្រ ដែលថ្ងៃនេះចាប់ផ្ដើមចូលជើងទីមួយ ស្អែកចូលជើងទីពីរ ដែលនាវា៧គ្រឿងនេះ ៥គ្រឿងដឹកវត្ថុធាតុដើមចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមកំពង់ផែហូជីមិញប្រទេសវៀតណាម។ សម្ដេចតេជោបានលើក​ឡើង​ថា  ហេតុអ្វីបានជាត្រូវចូលនៅហូជីមិញគឺ តំបន់ផលិត នៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត​ស្វាយរៀង គឺដឹកមកតាមហូជីមិញវាមានចម្ងាយជិតជាង បើប្រៀបធៀពីការដឹកមកពី​ខេត្ត​ព្រះសីហនុ។ សម្ដេចតេជោបានបន្ដថា បើតាមព័ត៌មានមិត្តចិនឱ្យដឹងនាវា៧គ្រឿងនេះ មិន​ត្រឹម​តែដឹកវត្ថុធាតុដើមត្រឹមខែមីនានោះទេ គេដឹករហូតដល់ខែឧសភា រហូតដល់សភាព​ការណ៍ធូរស្រាលឡើងវិញ។ សម្ដេចតេជោបានគូសបញ្ជាក់ថា ប៉ុន្តែបើទោះយ៉ាងណាក្ដី ដោយ​​សារតែប៉ុន្មានថ្ងៃនេះ មានការព្យួរការងាររបស់កម្មកររោងចក្រនៅកន្លែងនេះ ឬ កន្លែង​នោះ សម្ដេចក៏អំពាវនាវ សូមកុំឱ្យរោងចក្រនានា ឆ្លៀតពេលវេលាដែលកំពុងព្យួរការងារកម្មករ លុបចោលនូវកិច្ចសន្យាការងារជាមួយកម្មករ។ សម្ដេចតេជោបញ្ជាក់បន្ថែមថា “នេះជាចំណុច​ដាច់​ខាតមិនត្រូវធ្វើរឿងនេះ ក្នុងពេលវេលាដែលកម្មករជួបការលំបាក ដែលសុំឱ្យគោរពឱ្យ​បានហ្មត់ចត់ ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានប្រកាសរួចហើយដែរ។ ដូច្នេះសុំកុំឱ្យឆ្លៀតពេលថា ផ្អាករងារ ឬព្យួរការងាររួចហើយលុបកិច្ចសន្យាការងារចោល នេះកុំឱ្យកើតមានឱ្យសោះ”។ ជាមួយគ្នានេះ  ចំពោះមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ ក៏ សុំមាន​ការយោគយល់លើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារ។ ដោយត្រូវ​ពន្យា​ការសង ឬលើកលែងការមិនយកប្រាក់ ក្នុងខណៈដែលកម្មករជួបប្រទះនូវបញ្ហានេះ។

សម្ដេចតេជោបានថ្លែងបន្តថា “អ្នកដែលទទួលរងផលប៉ះពាល់មានមិនដល់ ២០,០០០​នាក់ទេ ក្នុងចំណោមនេះអាចថា ៥០ភាគរយ ចុះ ដែលខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញវត្ថុ”។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងធនាគារជាតិត្រូវពិនិត្យអំពីបញ្ហានេះ ក្នុងរយៈពេល​ដែលត្រូវព្យួរការងារនេះ។ សម្ដេចតេជោក៏បានស្នើឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលក់ផ្ទះបង់រំលោះ​ឱ្យ​កម្មករ និងអ្នកដែលមានការធ្វើនៅតាមសណ្ឋាគារ ឬរោងចក្រនានា ដែលត្រូវព្យួរ​ការងារ​នេះ ពន្យារការបង់ កុំផ្ដាច់កុងត្រាក្នុងរយៈពេលជួបបញ្ហានេះ។ ដូច្នេះសុំឱ្យមានការយោគយល់​ទៅលើបញ្ហានេះ។ ជាងនេះទៀត សម្ដេចតេជោ ក៏បានស្នើឱ្យអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករ​ទឹក អាចផ្ដល់ការយោគយល់ឱ្យកម្មករទាំងនោះជំពាក់ប្រាក់សម្រាប់ថ្លៃបង់​សេវាសិនផងដែរ។​ដូច្នេះស្ថាប័នពាក់ព័ន្ធត្រូវយោគយល់ការលំបាកក្នុងកាលៈទេសៈនេះ។

សម្ដេចតេជោក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា  ពេលវេលានេះជាពេលវេលាដើម្បី​នឹងត្រួត​ត្រាសភាពការណ៍នៃជំងឺកូវីដ-១៩កុំឱ្យរីករាលដាលនៅក្នុងប្រទេសរបស់ ដោយ សហ ការនៅក្នុងក្របខ័ណ្ឌជាតិរបស់យើង និងសហការជាមួយប្រទេសទាំងអស់លើពិភពលោក​ផងដែរ៕

ដោយ ជឹម ណារី