សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងអញ្ជើញ​ទៅមើលអ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្ដ​សៀមរាប ខណៈសាលារៀនជាង១១០បានបិទផ្អាកបណ្តោះអាសន្ន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសថា នឹងអញ្ជើញទៅមើលអ្នកឆ្លងជំងឺកូវីដ-១៩ដោយផ្ទាល់នៅខេត្ដសៀមរាប ខណៈ​ដែល​សាលាជាង១១០នៅ​ក្នុងទីក្រុងសៀមរាប បានបិទផ្អាកដំណើរជាបណ្តោះអាសន្ន ដើម្បី​ចៀស​វាងឆ្លងជំងឺកូវីដ-១៩ ​ពិសេសចំពោះកុមារតូចៗ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ចាប់ពី ខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ លេខ១០ ប្រវែង១៩៨,៧១ គីឡូម៉ែត្រ ចាប់ពី សំឡូត-វាលវែង-អូរសោម ដល់កោះកុង នាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេល នេះសាលារៀនប្រមាណជាង ១១០​នៅទីក្រុង​សៀម​រាប​បានបិទជាបណ្តោះអាសន្ន ដោយសារការខ្លាចឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនេះ ដោយសារ​តែមានប្រជា​ពលរដ្ឋម្នាក់ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបាននិងកំពុងព្យាបាល​យ៉ាងយក​ចិត្ត​ទុកដាក់ពីគ្រូពេទ្យ។ សម្តេចតេជោបានថ្លែងបន្ដថា រាជរដ្ឋាភិបាលបានរៀបចំ​សេនារិយោ ដើម្បីទប់ស្កាត់ជំងឺកូវីដ-​១៩ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ​ម្នាក់ អាយុ៣៨ឆ្នាំបានឆ្លងជំងឺកូវីដ-១៩ នេះហើយ។ សម្ដេចតេជោបានលើកឡើងថា បញ្ហា​នេះ​​ត្រូវបានប្រកាសជាសាធារណៈ និងតម្លាភាពដែលសម្តេចប្រញាប់ ប្រកាសជាសាធារណៈ​ឱ្យបិទជាបណ្តោះអាសន្នសាលារៀននៅក្នុងទីរួមខេត្តសៀបរាម។

សម្តេចតេជោបានបញ្ជាក់ថា “រហូតមកដល់ពេលនេះសាលារៀនជាង១១០​សាលាត្រូវ​បានបិទ ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខាងក្រសួងការងារ និងកម្មវិធីអង្គរសន្ត្រាន្ដ ដែល​ត្រូវនឹងរៀបចំក៏ត្រូវបានឱ្យផ្អាក”។ សម្តេចតេជោក៏បានលើកឡើងពីបញ្ហាដែលសម្រេចបិទ​ទ្វារសាលាថា គឺដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវី-១៩នេះ ទៅដល់កុមារតូចៗដែលមិនចេះពីវិធី​បង្ការ និងការពារ។

សម្តេចតេជោបានអះអាងអាងថា “ខ្ញុំសម្រេចឱ្យបិទសាលាដោយសារបញ្ហាត្រូវយក​ចិត្ត​ទុកដាក់បំផុតគឺកុមារា កុមារី ពីជំងឺនេះ ហើយយើងក៏មិនទាន់ប្រមូលមកអស់អ្នក​ដែលពាក់​ព័ន្ធ​នឹងជនជាតិជប៉ុន និងអ្នកពាក់ព័ន្ធ ជាមួយនឹងយុវជនអាយុ៣៨ឆ្នាំនេះ។ យើងត្រូវតែស្វែង​រកអ្នក​ផ្សេងទៀតដើម្បីយកសំណាកមកវិភាគ”។

សម្តេចតេជោក៏ថ្លែងបញ្ជាក់ទៀតថា ម្តេចនឹងទៅសៀមរាបដើម្បីទៅមើលបុរស់ម្នាក់​ដែល​ឆ្លងជំងឺគូវីដ-១៩ ដែលការធ្វើដូច្នេះគឺដើម្បីកុំឱ្យមានការភ័យខ្លាចច្រើនហួស រហូតដល់​មានអ្នកខ្លះទៅទិញអង្ករ មី ស្រាបៀរ មកស្តុកទុក។ សម្តេចតេជោក៏បានកោតសរសើរដល់​គ្រួពេទ្យ ដែលខិតខំ​ធ្វើការទាក់ទងនឹងអ្នកឆ្លងជំងឺកូវីដ-១៩នេះ ដោយយកសំណាកទៅ​ធ្វើការវិភាគ៕

ដោយ ប៊ុនរិទ្ធ