សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋប្រើក្រមា ដើម្បីការពារជំងឺកូវីដ-១៩ និងកុំឱ្យម៉ាស់ឡើងថ្លៃ

AKP ពោធិ៍សាត់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ — សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវ​នាវ​ដល់ប្រជាពលរដ្ឋងាកមកប្រើក្រមាដើម្បីការពារការឆ្លងជំងឺកូវីដ-១៩  ជាជាងការប្រើ​ប្រាស់​ម៉ាស់ ហើយធ្វើឱ្យម៉ាស់ឡើងថ្លៃ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ប្រវែង១៨២,១៦​គីឡូ​ម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ)  និងពិធីបើកការដ្ឋាន​សាង​សង់ផ្លូវជាតិ លេខ១០ ប្រវែង១៩៨,៧១ គីឡូម៉ែត្រ ចាប់ពីសំឡូត-វាលវែង-អូរសោម ដល់​កោះកុង ដែលស្ថាបនាឡើងក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា​មានិត​ចិននោះ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលហេតុដែលសម្តេចមិនពាក់ក្រវ៉ាត់ក ហើយបែរមក​ក្រវ៉ាត់ ក ក្រមា គឺដើម្បីការពារជំងឺកូវីដ-១៩ ជាងជាការប្រើប្រាស់ម៉ាស់ កុំឱ្យម៉ាស់ឡើងថ្លៃ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “នេះជាប្រភេទក្រវ៉ាត់កថ្មីជំនាន់កូរ៉ូណា ថ្ងៃនេះមាន​ក្រមា កុំអ្នកលក់ម៉ាស់ឡើងថ្លៃ ហើយស្អែកនេះខ្ញុំទៅចែកសញ្ញាបត្រឱ្យនិស្សិត​ក៏បង់កក្រមា​ហ្នឹងទៅទៀត មើលវា​​​ទាស់ខុសអី។ ក្រមានេះវាស្រួល អាម៉ាស់នេះគេប្រើតែ៣ម៉ោង​ប៉ុណ្ណោះ​គេបោះចោលហើយ អីចឹ្ចងយើងម្នាក់ៗត្រូវស្ពាយ​ម៉ាស់​ពេញតែខ្លួនច្រើន។ អីច្ចឹងយើងដាក់​ក្រមាតាមទៅ បើមានការអីវានឹងស្រួល។”​ សម្តេចតេជោបានលើកឡើងថា ការប្រើប្រាស់​ក្រមានេះនឹងធ្វើឱ្យអ្នកលក់ក្រមាកាន់តែលក់ដាច់ ជាស្នាដៃរបស់កូនខ្មែរ និងមានទីផ្សារ​ថែម​ទៀត។  ដូច្នេះយើងប្រើប្រាស់ក្រមារបស់ខ្មែរជាការល្អ ។

សម្តេចតេជោបានលើកឡើងទៀតថា ការប្រើប្រាស់ក្រមាមានភាពងាយស្រួល​ក្នុងការ​ប្រើ​ប្រាស់ និងងាយស្រួលបោក ហើយការបង់កក្រមាជាទម្លាប់របស់ប្រជាជនខ្មែរ​យើងចាប់​តាំងពីដើមរៀងមក។ សម្ដេចតេជោបានចាត់ទុក ការបង់ក ក្រមា គឺជាក្រវ៉ាត់ក ជំនាន់​ថ្មីសម័យ​តេជោសែន និងសម័យកើតជំងឺឆ្លងកូរ៉ូណា ឬកូវីដ-១៩។​ សម្តេចតេជោបានបន្ថែមថា “ស្អែក​នេះខ្ញុំទៅចែកសញ្ញាបត្រដល់និស្សិត ហើយយកក្រមាបង់ក មើលយើងធ្វើបែបនេះកុំឱ្យម៉ាស់​ឡើងថ្លៃ។ ម៉ាស់គេប្រើតែប៉ុន្មានម៉ោង បើប្រើលើកកម្រិត អីច្ចឹងវានឹងឆ្លងជំងឺចេញ​ពីម៉ាស់​នេះទៀត”៕

ដោយ ប៊ុនរិទ្ធ