អភិបាលខេត្តសៀមរាបបង្ហាញថា សាលារៀននៅក្នុងទីប្រជុំជនក្នុងខេត្តសៀមរាប​ដែលត្រូវ​បានបិទជាបណ្តោះអាសន្នទាំងរដ្ឋ និងឯកជន គឺមានចំនួន១១០សាលា

AKP សៀមរាប ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថា បន្ទាប់ពីក្រសួងសុខាភិ​បាល​បានរកឃើញជនជាតិខ្មែរម្នាក់នៅក្នុងខេត្តសៀមរាបមានផ្ទុកមេរោគកូវីដ-១៩ ក្នុងចំណោម​មនុស្ស៤នាក់ ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយជនជាតិជប៉ុនដែលមាន​ផ្ទុក​មេរោគ​កូវីដ-១៩ ​​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យបិទសាលារៀននៅក្នុងទីរួម​ខេត្តសៀម​រាប​​ជាបណ្តោះអាសន្ន និងលុបចោលការប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តផងដែរ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះថា សម្រាប់​សាលារៀននៅក្នុងទីប្រជុំជនក្នុងខេត្តសៀមរាបដែលត្រូវបានបិទជាបណ្តោះអាសន្នទាំងរដ្ឋ និងឯកជន គឺមានចំនួន១១០សាលា មានចាប់ពីសាលាថ្នាក់មតេយ្យរហូតដល់សាលា​ឧត្តមសិក្សា ដែលនេះ គឺជាវិធានការបង្ការ ក្នុងការការពារការឆ្លងមេរោគកូវីដ-១៩។ ឯកឧត្តម​អភិបាលខេត្ដ​បានធ្វើការសូមការអធ្យាស្រ័យពីសំណាក់មាតា​បិតាសិស្ស ជាពិសសេសិស្សា​នុ​សិស្សដែលត្រៀមប្រឡងផងដែរ។ ឯកឧត្តមក៏បានអំពាវនាវឱ្យសិស្សានុសិស្ស​ត្រូវខិតខំរៀន​សូត្រនៅតាមផ្ទះបន្ថែមទៀតផងដែរ។

ដោយឡែកពាក់ព័ន្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឯកឧត្តម ទៀ សីហា បានគូស​បញ្ជាក់ផងដែរ​ថា រាជរដ្ឋាភិបាលក៏បានប្រកាសឱ្យផ្អាកដែរ ប៉ុន្តែអាជ្ញាធរខេត្ត​និងធ្វើព្រឹត្តិ​ការណ៍​សៀមរាបផ្ទះខ្ញុំជំនួសវិញដោយផ្តោតសំខាន់ទៅលើការសម្អាត​បរិស្ថាននៅតាម​ទី​​សាធារណៈ​ ជាពិសេសគឺនៅព្រលានយន្តហោះអន្តរជាតិសៀមរាបតែម្តង។ ក្រៅពីនេះ នៅ​ព្រឹក​ថ្ងៃទី០៨ខែមីនាឆ្នាំ២០២០នេះដែរ អាជ្ញាធរខេត្តសៀមរាបក៏បានបើកកិច្ចប្រជុំ​បន្ទាប់មួយ​ជាមួយវិស័យឯកជន មានវិស័យសណ្ឋាគារ ធនាគារ និងប្រតិបត្តិករទេសចរណ៍​នៅក្នុង​​ខេត្តសៀមរាប ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមនានាដែលខេត្តសៀមរាប​កំពុងជួប​ប្រទេះ ជាពិសេសរឿងធ្លាក់ចុះចំនួនភ្ញៀវទេសចរ ដែលធ្វើឱ្យសណ្ឋាគារមានបញ្ហរឿង​ប្រាក់​ចំណូលសម្រាប់ផ្គត់ផ្គង់ប្រាក់ខែឱ្យបុគ្គលិក៕

ដោយ ឃុត សៅ