លោកជំទាវ ឱ វណ្ណឌីន៖ ការធ្វើតេស្តរបស់ក្រុមគ្រួសារបុរសអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប ដែលមានមេរោគកូវីដ-១៩ លទ្ធផលគឺអវិជ្ជមានទាំង៣នាក់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិ​បាល បានគូសបញ្ជាក់ថា នៅម៉ោង២រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផល​នៃការធ្វើ​សំណាក​នៅ​វិទ្យាស្ថានជាតិប៉ាស្ទ័រ បានបង្ហាញ​ថា ក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរម្នាក់​ដែល​ឆ្លង​មេរោគ កូវីដ-១៩ ចំនួន០៣នាក់ គឺជាលទ្ធផលអវិជ្ជមានទាំងអស់ បានន័យថា​មិន​មានការឆ្លងវីរុស កូវីដ-១៩នេះ ពីបុរសនេះឡើយ។ជាមួយគ្នានេះ បើតាមឯកឧត្ដម លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាននាយក​ដ្ឋាន​ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដោយ​លើក​ឡើងថា បើបងប្អូនមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើមនិងទើបធ្វើដំណើរ​ពី​ប្រទេសដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡើងដោយមេរោគ COVID-19 ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមអញ្ជើញទៅពិគ្រោះជំងឺ​នៅមន្ទីរ​ពេទ្យខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្ត​នៅបណ្តាខេត្តទាំងអស់​នៅទូទាំងប្រទេស។ ឯកឧត្ដមបានបន្ថែមថា ក្នុងករណីគ្រូពេទ្យពិនិត្យឃើញថាចូលករណី​សង្ស័យ​ដែលតម្រូវឱ្យយកវត្ថុ ឬតម្រូវឱ្យសម្រាកពេទ្យ អ្នកជំងឺទាំងនេះនឹងមិនមានការ​បង់ថ្លៃ​ធ្វើតេស្តរកមេរោគ COVID-19 ឬតម្លៃព្យាបាលអ្នកជំងឺដែលបញ្ជាក់ថាមានវិជ្ជមាន COVID-19 នោះទេ។ ឯកឧត្ដមបានបន្ថែមទៀតថា ការអនុវត្តនេះ នឹងធ្វើឡើងទាំងជនជាតិខ្មែរ និងជន​ជាតិបរទេសទាំងអស់៕

ដោយ រិទ្ធី