មន្ទីរកសិកម្មខេត្តព្រះវិហារ បើកដាក់ឱ្យប្រើប្រាស់ស្តង់លក់បន្លែសុវត្ថិភាពមួយកន្លែង នៅក្នុងស្រុកឆែប

AKP ព្រះវិហារ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ — កម្មវិធីអាសស្ប៉ាយ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បាន បើកដាក់ឱ្យប្រើប្រាស់ស្តង់លក់បន្លែសុវត្ថិភាពមួយកន្លែង របស់បណ្តុំអាជីវកម្មបន្លែសុវត្ថិភាព នៅភូមិពោធិ៍ទាប ឃុំម្លួរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ពិធីនេះ ធ្វើឡើងដោយមានការ​ចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ កាលពីសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។

លោក ពឹង ទ្រីដា បានថ្លែងថា ស្តង់លក់បន្លែសុវត្ថិភាពនេះ ជាស្តង់ទី២ នៃកម្មវិធី​អាស​ស្ប៉ាយ បន្ទាប់ពីស្តង់ទី១ ដែលបានសាងសង់នៅស្រុកជ័យសែន ក្នុងឆ្នាំ២០២០នេះ និងឆ្នាំបន្ត​បន្ទាប់ទៀត ដែលកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម ខេត្តព្រះវិហារ គឺមានផែនការពង្រីក​ការសាងសង់ស្តង់ទៅបណ្តាតាមស្រុក និងឃុំ ដទៃទៀត នៅក្នុងទូទាំងខេត្ត ដែលមានបណ្តុំ​អាជីវកម្មបន្លែ ដោយសហការជាមួយអ្នកប្រមូលទិញ ដែលជាប្រធានបណ្តុំអាជីវកម្មបន្លែ និង អាជីវករ ដទៃទៀត។ លោកបានបន្ដថា ការប្រមូលទិញសម្រាប់អាជីវកម្មបន្លែនេះ គឺដើម្បី​ពង្រីក​ទីផ្សារបន្លែសុវត្ថិភាព ដែលដាំដុះដោយកសិករក្នុងតំបន់ឱ្យបានទូទាំងខេត្តព្រះវិហារ ដើម្បីធ្វើការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅដែលមានប្រភពមិនច្បាស់លាស់ ខណៈ​មានប៉ះលើបន្លែដាក់ជាតិគីមី ធ្វើបងប្អូនទិញយកទៅបរិភោគប៉ះពាល់សុខភាព ៕

ដោយ ទិត ស្រ៊