រាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទសាលារៀនមួយរយៈ និងផ្អាកការធ្វើអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប បន្ទាប់ពីរកឃើញជនជាតិខ្មែរម្នាក់មានលទ្ធផលវិជ្ជមានវីរុស Covid-19

AKP សៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបិទសាលារៀន ពីកម្រិត​មតេយ្យដល់ឧត្ដមសិក្សា នៅក្នុងក្រុងសៀមរាប រយៈពេល១៤ ថ្ងៃ និងផ្អាកការប្រារព្ធព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ដែលគ្រោងធ្វើក្នុងពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បន្ទាប់ពីក្រសួងសុខាភិបាលបានទទួលលទ្ធផល​ពីវិទ្យា​ស្ថាន​ប៉ាស្ទ័រកម្ពុជាថា បុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយ​បុរសជនជាតិ​ជប៉ុន មានលទ្ធផលវិជ្ជមានវីរុសCovid-19នោះ។

នេះបើយោងតាមប្រសាសន៍ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មានមួយ នាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល។ ក្នុងសន្និសីទនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួង​សុខាភិបាលបានបង្ហាញ អំពីលទ្ធផលដែលរកឃើញអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនដែលមានមេរោគ Covid-19 គឺក្នុងចំណោមអ្នកប៉ះពាល់ផ្ទាល់ចំនួន៤នាក់ បានរកឃើញម្នាក់មានវិជ្ជមាន Covid-19។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសជនជាតិជប៉ុន គឺជាធុរជនធ្វើដំណើរច្រើនប្រទេសដូចជា ប្រទេសហ្វីលីពីន ឆ្លងកាត់ប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាមផងដែរ។ ភា្លមៗនោះក្រសួងសុខាភិបាល​បានចាត់វិធានការ តាមរយៈមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយមានការសហការពីអាជ្ញាធរខេត្ត ធ្វើការ​ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ដែលជាលទ្ធផលគិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានរកឃើញថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយ​ជនជាតិ​ជប៉ុនមានវិជ្ជមានកូវីដ Covid-19 មានចំនួន០៤នាក់ (ស្រី២នាក់ ប្រុស២នាក់) មានអាយុចន្លោះពី ១៩ឆ្នាំ ទៅ៣៨ឆ្នាំ។ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន មានវិជ្ជមាន Covid-19 ជាស្ត្រីជនជាតិជប៉ុនចំនួន១នាក់ និង៣នាក់ដែលជាក្រុមគ្រួសាររបស់បុរសអាយុ៣៨ឆ្នាំ ដែលបច្ចុប្បន្ននេះ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បាននាំពួកគាត់ឱ្យមកកាន់បន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ឯកឧត្ដមរដ្ឋមន្ត្រីបន្តថា អ្នកប៉ះពាល់ដោយប្រយោលមានចំនួន ៤០នាក់ (ស្រី២៥នាក់ និងប្រុស១៥នាក់) ដែលមានអាយុចន្លោះពី១៩ឆ្នាំ ដល់៤០ឆ្នាំ។ អ្នកដែលប៉ះពាល់ផ្ទាល់ទាំង៤នាក់ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យខេត្តសៀមរាប។ ទោះជាពួកគាត់មិនមានចេញរោគ​សញ្ញា​ក៏ពិតមែន ក្រសួងសុខាភិបាល នៅល្ងាចម៉ោងថ្ងៃដដែល (៦មីនា) បានណែនាំឱ្យយកសំណាកវត្ថុវិភាគ​ពីបុគ្គល​ទាំង៤នាក់នេះ មកធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ រហូតដល់ម៉ោង១២:៥០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាវិញថា បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយ​បុរសជនជាតិជប៉ុន អាយុ៤០ឆ្នាំ មានវីរុស Covid-19 នោះ មានលទ្ធផលវិជ្ជមាន Covid-19។ រី៣នាក់ទៀត (ស្រី២នាក់ ប្រុស១នាក់) មានលទ្ធផលអវិជ្ជមាន Covid-19 នៅត្រឹមថ្ងៃដែលធ្វើតេស្ត ហើយក្រុមគ្រូពេទ្យនៃ​មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់​បំផុតលើសុខភាពរបស់​អ្នកទាំងបី​នាក់​នេះ នៅក្នុងរយៈពេល១៤ថ្ងៃទៀត។

ឯកឧត្ដម ម៉ម ប៊ុនហេងបានបញ្ជាក់ថា ដោយឡែកបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលមានវិជ្ជមាន Covid-19 នេះ ត្រូវបានដាក់ដាច់ដោយឡែកពីគេ ហើយបន្តការព្យាបាលដោយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត។ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់រកឃើញចំនួន៤នាក់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បន្ថែមទៀតនោះ ក៏ស្ថិតនៅក្រោមការតាមដានដោយហ្មត់ចត់​ពីក្រុមគ្រូពេទ្យនៅខេត្តសៀមរាប​នោះ​ផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលកម្ពុជា កំពុងតាមដានស្ថានភាព​នៃជំងឺនេះនៅទូទាំងប្រទេស ដោយមានការប្រឹក្សា និងសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ហើយក្រសួងក៏សូមជម្រាបជូនសាធារណជនជ្រាបផងដែរថា ក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយមានវត្តមានបុគ្គលិក​អង្គការ​សុខភាពពិភពលោក និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិកបានទៅដល់ខេត្តសៀមរាប ហើយកំពុង​តែធ្វើការយ៉ាងសកម្មលើករណីចម្លងវីរុសកូវីដ១៩នេះ។ ក្រសួងកំពុងយកសំណាកវត្ថុវិភាគពីបុគ្គលទាំងអស់ (ទាំងអ្នកប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់) ដើម្បីយកមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

គួររំម្លឹកដែរថា ករណីជនជាតិជប៉ុនអាយុ៤០ឆ្នាំម្នាក់ ដែលបានចាកចេញពីអាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ឆ្លងកាត់តាមព្រលានយន្តហោះទីក្រុងហូជីមិញប្រទេសវៀតណាម និងបានទៅដល់ប្រទេសជប៉ុន នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ត្រូវបានរកឃើញនៅប្រទេសជប៉ុនថាមានវីរុស Covid-19។ បុរសជនជាតិជប៉ុនរូបនេះ ជាធុរជន ធ្វើដំណើរច្រើនប្រទេស ដូចជាប្រទេសហ្វីលីពីន ឆ្លងកាត់​ប្រទេសថៃ កម្ពុជា និងប្រទេសវៀតណាមផងដែរ៕

ដោយ៖ ជឺម​ ណារី