អភិបាលខេត្តសៀមរាប៖ កុំធ្វើបាបខេត្តខ្ញុំ កុំធ្វើបាបប្រជាពលរដ្ឋខ្ញុំ

AKP សៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ —

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវឱ្យអ្នក ដែលផ្សព្វផ្សាយព័ត៌មានមិនពិត បញ្ឈប់ សកម្មភាពរបស់ខ្លួន ដោយកុំធ្វើបាបខេត្ត កុំធ្វើបាបប្រជាពលរដ្ឋរបស់ឯកឧត្តម។

នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា បានសរសេរថា បន្ទាប់ពីបានតាមដានក្នុងបណ្តាញសង្គមហ្វេសប៊ុកចាប់ពីពេលដែលជនជាតិជប៉ុន បានធ្វើតេស្តវិជ្ជមាន Covid-19 នៅពេលត្រឡប់ទៅដល់ប្រទេសដើមរបស់ខ្លួនវិញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រោយពីចាកចេញពីកម្ពុជា ឆ្លងកាត់វៀតណាម យើងកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្រៅខេត្ត មានការព្រួយបារម្ភ​យ៉ាង​ខ្លាំង តែអ្វីដែលឯកឧត្តមកត់សម្គាល់លើសពីនេះគឺ ព័ត៌មានតាមហ្វេសប៊ុក (គណនីមួយចំនួន) បានយកករណីនេះ ជាឱកាសក្នុងការផ្សព្វផ្សាយនូវការលក់ដូរផលិតផលរបស់ខ្លួន (ម៉ាស់ ថ្នាំពេទ្យ អាកុលលាងដៃ ។ល។) ដោយឡើងថ្លៃខុសពីការលក់សព្វថ្ងៃ និងមានករណីការឆបោកផងដែរ រួមទាំងការបំផុសព័ត៌មានមិនពិត បំពុល និងសំនួរផ្សេងៗ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងកាន់តែភ័យខ្លាចពីជំងឺនេះ។

ឯកឧត្តមគ្រាន់តែឆ្ងល់ថា៖ « ១-អ្នកដែលផុសទាំងនោះគឺមិនមានខ្លួន ឬរស់នៅក្នុងប្រទេសកម្ពុជាឡើយ (នៅអាមេរិក កាណាដា កូរ៉េ។ល។)
២-ហេតុអ្វីបានដឹងពីស្ថានភាពច្បាស់ជាងអ្នករស់​​នៅក្នុងប្រទេស ឬខេត្តទៅទៀត
៣-ភាគច្រើនអ្នកដែលផុសនោះប្រកាន់និន្នាការនយោបាយខុស (ប្រឆាំង) ពីរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានទំនាក់ទំនង ឬគាំទ្រ លោកសម រង្ស៉ី។ តើគោលបំណងអ្វីខ្លះ? »

ឯកឧត្តម​ អភិបាល ខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមមេត្តា ធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើព័ត៌មានផ្លូវការ ជាពិសេសរបស់ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ជៀសវាងនូវព័ត៌មានមិនពិត មិនច្បាស់លាស់ ឬមាននិន្នាការនយោបាយផ្សេង ដែលបាន និងកំពុងធ្វើឱ្យមានភាពចលាចល គ្មានស្ថេរភាពសង្គម នាំមកនូវមហន្តរាយ វិបត្តិសតិអារម្មណ៍ រើសអើង ប៉ះពាល់ដល់ជីវភាព កិត្តិយសបុគ្គល និងខេត្តសៀមរាបទាំងមូល។

ឯកឧត្តម​ បានបញ្ជាក់ថា៖ « កុំធ្វើបាបខេត្តខ្ញុំ កុំធ្វើបាបប្រជាពលរដ្ឋខ្ញុំ៕ »

ដោយ៖ ឃុត សៅ