លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បដិសេធព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលផ្សាយថាក្រសួងសុខាភិបាលទើបតែបំពាក់ម៉ាស៊ីនស្កែនកម្តៅ នៅព្រលានយន្តហោះអន្តរជាតិទាំង៣

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាដឹងតាមរយៈបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះថា ក្រសួងសុខាភិបាលបានបំពាក់ម៉ាស៊ីនស្កែនកម្តៅ នៅគ្រប់ព្រលានយន្តហោះអន្តរជាតិទាំង៣ នៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០មកម្ល៉េះ គឺពុំដូចជាការផ្សព្វផ្សាយបំពុលនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលថាក្រសួង ទើបតែបំពាក់ម៉ាស៊ីនស្កែនកម្តៅនោះទេ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល មានក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) ដែលបាន និងកំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែនគោក ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ តាមរយ:ម៉ាស៊ីនស្កែនកម្តៅ និងពិនិត្យសុខភាព ចាប់តាំងពីការផ្ទុះវីរុសកូវីដ-១៩ នៅប្រទេសចិនមកម្ល៉េះ។

លោកជំទាវវេជ្ជបណ្ឌិត ក៏បានច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នៅលើបណ្តាញសង្គម ដែលថាមនុស្ស៤នាក់នៅខេត្តសៀមរាប មានវីរុសកូវីដ-១៩ បន្ទាប់ពីពួកគេបានប៉ះពាល់ដោយផ្ទាល់ ជាមួយបុរសជនជាតិជប៉ុន ដែលត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ-១៩ ពេលទៅដល់ព្រលានយន្តហោះនៅប្រទេសជប៉ុននោះ ដោយបញ្ជាក់យ៉ាងច្បាស់ថានេះក៏ជាព័ត៌មានបំពុល និងមានចេតនាធ្វើឱ្យជ្រួលច្របល់ផងដែរ។ ខ្ញុំសូមបញ្ជាក់ថា “រហូតមកទល់ពេលនេះ បុរសទាំង៤នាក់នោះ មានសុខភាពល្អធម្មតា និងពុំមានរោគសញ្ញាអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ បើទោះជាយ៉ាងនេះក៏ដោយ ក៏ក្រសួងសុខាភិបាលយើង បានដាក់មនុស្សទាំង៤នាក់នោះ ឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងតាមដានស្ថានភាពរបស់ពួកគេ ចំនួន១៤ថ្ងៃ។ ដោយឡែកចំពោះមនុស្ស៤០នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយប្រយោលជាមួយបុរសជនជាតិជប៉ុននោះ ក្រសួងសុខាភិបាលក៏នៅបន្តតាមដានស្ថានភាពសុខភាពរបស់ពួកគេ និងដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃផងដែរ។”

«ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការដើម្បីស្វែងរកជនដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ព្រោះការបង្ហោះឬផ្សព្វផ្សាយទាំងនេះ គឺជាចេតនាបំពុល និងបង្កចលាចលនៅក្នុងសង្គមយើង។»

គួររំលឹកថា គិតរហូតមកទល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជាមានករណីតែ១គត់នៃជំងឺកូវីដ-១៩ គឺបុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំ ដែលធ្វើដំណើរពីទីក្រុងWuhan មកលេងនៅខេត្តព្រះសីហនុ ហើយគាត់ត្រូវបានព្យាបាលជាសះស្បើយ និងត្រលប់ទៅស្រុកកំណើតវិញហើយ។

ដោយ ផែន រតនៈ