កម្ពុជា-ឡាវសន្យាអនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ​លើបញ្ហាព្រំដែន​និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — កម្ពុជានិងឡាវបានឯកភាពគ្នាស្ដីពីការអនុវត្តយន្តការធ្វើសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំលើ បញ្ហាព្រំដែន និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណសង្គមរវាងប្រទេសទាំងពីរ។

ការលើកឡើងនេះ ក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ជួបពិភាក្សាការងារជាមួយឯកឧត្ដម ឧត្តមសេនី​យ៍ ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ កាលពីរសៀលថ្ងៃទី០៥​ខែមីនា ឆ្នាំ២០២០ នៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកឧត្តម​សេនីយ៍​ឯក វិល័យ ឡាខាំហ្វង បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីសភាពសន្តិសុខ នយោ​បាយ និងសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការផ្លាស់ប្ដូរគណៈប្រតិភូ និង​បណ្ដុះបណ្ដាលធនធានមនុស្ស ការងារឃុំខ្លួនអ្នកទោស ព្រមទាំងកិច្ចការសំខាន់ៗ​មួយចំនួន​ទៀត ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្ដម ឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហ​ប្រតិ​បត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃសហប្រតិបត្តិការឆ្នាំ២០២០ រវាង​ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។ ក្នុងកិច្ចប្រជុំនេះដែរ ក្រសួង​ទាំងពីរឯកភាពផ្លាស់វេនគ្នារៀបចំជារៀងរាល់ឆ្នាំ គឺដើម្បីអនុវត្តន៍នូវយន្តការសហប្រតិបត្តិ​ការ​ទ្វេ​ភាគីប្រចាំឆ្នាំ ក្នុងគោលដៅលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ​ការក្នុង​ការ​ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

សម្ដេចក្រឡហាម ស ខេង និងឯកឧត្ដម ឧត្តមឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង នៅតែបន្តចាត់ទុកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរថា ជាកិច្ចការមួយដ៏មាន សារៈ​សំខាន់ ក្នុងវិស័យសន្តិសុខ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែកព័ត៌មាន សំដៅគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ តាមព្រំដែន និងការបង្កាទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ។ លើសពីនេះទៀត ភាគីទាំងពីរ ក៏បានបង្ហាញការជឿជាក់ថាកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ ដែលនឹងបន្តក្លាយ​ជាឯកសារតម្រង់ទិសសម្រាប់អាជ្ញាធរខេត្តជាប់ព្រំដែន និងបណ្ដាអង្គភាពពាក់ព័ន្ធចំណុះ​ក្រសួងទាំងពីរ ដើម្បីយកទៅអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើក​កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ ស្ថិរភាពតំបន់ព្រំដែន ជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមបណ្ដោយព្រំដែន។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញឯកឧត្ដម ឧត្តម​សេនីយ៍ វិល័យ ឡាខាំហ្វង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈឡាវ បំពេញ​ទស្សនកិច្ចចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និង​ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ក្នុងពេលវេលាសមស្រប ។

ជាការឆ្លើយតប ឯកឧត្ដម ឧត្តមឧត្តម​សេនីយ៍ វិល័យ ឡាខាំហ្វង ក៏បានទទួលការ អញ្ជើញនេះដោយក្ដីរីករាយបំផុត ៕

ដោយ ប៊ុនរិទ្ធ