ក្លឹបកីឡាបាល់ទាត់វិសាខា និងក្រុមហ៊ុន YUE TAI Sports Developmentចុះកិច្ចព្រមព្រៀងគ្នា រយៈពេល៣ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — ក្លឹបវិសាខា ដែលជាក្លឹបបាល់ទាត់អាជីព ដែលកំពុងប្រកួតប្រជែងក្នុងក្របខ័ណ្ឌលីគ​កំពូល​កម្ពុជាបានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូ រយៈពេល៣ឆ្នាំជាមួយក្រុមហ៊ុន YUE TAI Sports Development Co., Ltd នៅកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

ក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កែ សួនសុភី ប្រធានក្លឹបកីឡាបាល់ទាត់វិសាខា និងលោក Sam Yeung អគ្គនាយក នៃ YUE TAI International Group Limited រួមជាមួយគណៈគ្រប់គ្រងក្លឹប និងក្រុមហ៊ុនជាច្រើនទៀត។

កញ្ញា នូសុវត្ថិ ចាន់វល័ក្ខ ទីប្រឹក្សាផ្នែកទីផ្សារ នៃក្លឹបកីឡាបាល់ទាត់វិសាខា បាន​បញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានរយៈពេល៣ឆ្នាំ ដោយក្រុមហ៊ុន YUE TAI Sports Development Co., Ltd បានផ្ដល់ជូននូវសំបុត្រយន្ដហោះដល់កីឡាករ និងក្រុមការងារក្លឹប​ទាំងអស់ ក្នុងការធ្វើដំណើរទៅមក សម្រាប់ការប្រកួតក្រៅដី នៅខេត្តសៀមរាប ដោយឥតគិត​ថ្លៃ។ តំណាងក្លឹបរូបនេះបន្ដថា ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុន YUETAI Sports Development Co., Ltd នាពេលនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ជាមួយ​ថ្នាក់ដឹកនាំក្លឹប ដើម្បីជំរុញការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ពិសេសក្លឹបកីឡាបាល់ទាត់​វិសាខា​ឱ្យ​កាន់តែរីកចម្រើន និងឈានទៅរកការប្រកួតប្រជែងកាន់តែខ្លាំងក្លាយ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

លោក Sam Yeung បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះក្លឹបកីឡាបាល់ទាត់វិសាខា ដែលជាក្លឹបក្មេងខ្ចី ប៉ុន្តែតែងតែប្រឹងអភិវឌ្ឍន៍ខ្លួនបានរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស។ ហេតុនេះ ក្រុមហ៊ុន YUETAI Sports Development Co., Ltd ពិតជាមានសេចក្ដីសោមន​ស្សរីករាយ ក្នុងការចុះកិច្ចព្រមព្រៀមលើភាពជាដៃគូជាមួយវិសាខា ហើយលោកសង្ឃឹមថា ក្លឹបនឹងសម្រេចបានលទ្ធផលល្អៗបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ ក៏ដូចជាគោលដៅនាថ្ងៃ​អនាគត៕

ដោយ ហេង ណាលីន