អ្នករៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រអះអាងថា អ្នករត់ជាស្ត្រីមានច្រើន​ជាង៥០ភាគរយ សម្រាប់ថ្ងៃទី០៨ ខែមីនាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — អ្នករៀបចំ “ទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ” បង្ហាញនូវក្តីរីករាយ ដែលអ្នកចុះឈ្មោះ ចូលរួមគឺជាស្ត្រី ច្រើនជាង៥០ភាគរយនៃចំនួន២,០០០នាក់ សម្រាប់ចូលរួមទិវារត់ប្រណាំង​ស្ត្រី ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ខាងមុខ អបអរទិវាសិទ្ធិនារី​អន្តរ​ជាតិ ៨មីនា នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដឹងនៅ ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ថា រហូតមកដល់ពេលនេះ មានអ្នកចុះ ឈ្មោះចូលរួមរត់ប្រណាំងកម្សាន្តមានចំនួន២,០០០នាក់ហើយ ដោយបានបិទបញ្ចប់ការចុះ ឈ្មោះ។ ប៉ុន្តែនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែមីនា ចំពោះអ្នកដែលមានបំណងចង់ចូលរួមរត់​អាច ទៅចុះឈ្មោះនៅសួនច្បារមុខវត្តបទុមវតីបាន និងទទួលលេខកូដរត់ ខោអាវរត់ និងព័ត៌មាន​ផ្លូវរត់ជាដើម។ ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងចំណោមអ្នកចុះឈ្មោះ២០០០នាក់ គឺមាន​ច្រើន​​ជាង៥០ភាគរយ គឺជាស្ត្រី ដែលឯកឧត្តមអគ្គលេខាធិការចាត់ទុកថាជាជោគជ័យថ្មីមួយ​ទៀត ក្នុងការចូលរួមរបស់ស្រ្តីក្នុងវិស័យកីឡាកម្ពុជាជាមួយនឹងភាពផុសផុលយ៉ាងខ្លាំង។

ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយ ដែលឃើញស្ត្រីបានស្វែងយល់ពីអត្ថប្រយោជន៍​នៃ​តម្លៃកីឡា ដោយទិវានេះនឹងផ្តល់ឱ្យស្ត្រីទទួលបាននូវថាមពលនៃកម្លាំងកាយ ថាមពលនៃ​បេះដូង និងសុខភាពល្អប្រសើរផងដែរ។ ទន្ទឹមនេះ គោលដៅនៃទិវាគឺផ្តល់សុខុមាលភាពជូន​ដល់​អ្នករត់​ទាំងឡាយ ក៏ដូចជាសុខុមាលភាពរបស់សង្គមជាតិយើងទាំងមូលទៀតផង។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ជា​ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងតែបានជំរុញសកម្មភាពគ្រប់ប្រភេទកីឡា​ទាំងអស់ ជាពិសេសគឺប្រភេទកីឡា ដែលប្រមូលផ្តុំដោយមហាជន ដូចជារត់ប្រណាំងកម្សាន្ត​​ជាដើម។ ដោយនៅឆ្នាំ២០២០នេះ ឯកឧត្តមប្រធាន NOCC ជំរុញលើទិវាកីឡារត់​ប្រណាំងស្ត្រី​១០គីឡូម៉ែត្រ ក្នុងនោះមានវិញ្ញាសារត់កម្សាន្ត Fun Run ៤គីឡូម៉ែត្រដែរ ដោយគ្រោង​នឹង​រៀបចំ​ការប្រកួតនាព្រឹកថ្ងៃទី០៨មីនា ឆ្នាំ២០២០ អបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅសួន​ច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ទិវារត់ប្រណាំងស្ត្រី អបអរទិវាសិទ្ធិនារីអន្តរជាតិ​នេះ​ទទួលបានការអនុញ្ញាតពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី​ភ្នំពេញ​បានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់ការរៀបចំនេះ ដោយក្នុងនោះឯកឧត្តមអភិបាល​ក៏ផ្តោតការយកចិត្តទុកដាក់លើការរក្សាបាននូវអនាម័យ បរិស្ថាន សុវត្ថិភាពចរាចរណ៍ និង​បញ្ហា​មួយចំនួនទៀត៕ដោយ ហេង ណាលីន