ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែ​មីនា ឆ្នាំ​២០២០​​ — កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយក្រុមជំនាញការរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជាដែលដឹកនាំដោយលោក Nick Beresford តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិដែលមាននិវេសនដ្ឋានប្រចាំកម្ពុជា។

បើតាមការ​ផ្សាយរបស់ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើដំណើរការរៀបចំគោលនយោបាយជាតិដឹកជញ្ជូនផ្លូវគោក ការអភិវឌ្ឍ​វិស័យដឹកជញ្ជូន បញ្ហាប្រឈម និងដំណោះស្រាយចំពោះគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ការលើកកម្ពស់ប្រព័ន្ធភស្តុភារកម្ម ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោកផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគម្រោងបំពាក់ជញ្ជីងស្វ័យប្រវត្តិ (Weight in Motion) និងកាមេរ៉ាឆ្លាតវៃ (AI Camera) តាមដានយានយន្តចូល និងមិនចូលស្ថានីយថ្លឹង រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីជូនដំណឹងទៅសមត្ថកិច្ចពាក់ព័ន្ធដោយស្វ័យប្រវត្តិដើម្បីចាត់វិធានការ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្រសាសន៍ថា ក្រសួងនឹងរៀបចំប្រព័ន្ធអនឡាញ ដើម្បីឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស អាចរាយការណ៍ជាប្រចាំមកកាន់គណៈ    កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពីសកម្មភាពបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិតរបស់ខ្លួន អំពីច្បាប់ចរាចរណ៍ផ្លូវគោក៕

ដោយ ទេស ច័ន្ទសុធារី