លោកវេជ្ជបណ្ឌិត លី សូវ៉ាន់៖ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមីនានេះ កម្ពុជាពុំមានករណីជំងឺកូវីដ-19 ថ្មីនោះទេ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាដឹងតាមរយៈបណ្តាញតេឡេក្រាមនៅព្រឹកនេះថា កម្ពុជាពុំទាន់មានអ្នកជំងឺរលាកផ្លូវដង្ហើម កូវីដ-19 បន្ថែមទៀតទេ ក្រៅពីបុរសជនជាតិចិនអាយុ៦០ឆ្នាំ នៅខេត្តព្រះសីហនុ ដែលត្រូវបានព្យាបាលជាសះស្បើយ និងត្រលប់ទៅប្រទេសកំណើតរួចមកហើយនោះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយឡែកករណីមនុស្ស០៤នាក់ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយ ជនជាតិជប៉ុនដែលមានផ្ទុកមេរោគកូវីដ-19 នោះ គឺខាងក្រសួងសុខាភិបាលកំពុងដាក់ឱ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង៤០នាក់ផ្សេងទៀតដែលប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឱ្យនៅក្នុងផ្ទះ និងកំពុងតាមដានសុខភាព។

«ខ្ញុំសូមបញ្ជាក់ថា បុរស០៤នាក់នោះ គឺមានសុខភាពល្អជាធម្មតា និងពុំមានរោគសញ្ញាណាមួយដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយចំពោះមនុស្ស៤០នាក់ផ្សេងទៀតក៏ដូចគ្នា ហើយក្រសួងសុខាភិបាលយើងនឹងបន្តតាមដានស្ថានភាពរបស់ពួកគាត់បន្តទៀត។»

លោកវេជ្ជបណ្ឌិតបានលើកឡើងបន្តថា មន្រ្តីជំនាញបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ចំនួន៤នាក់ និងប្រមាណ៤០នាក់ប៉ះពាល់ប្រយោល ដែលតម្រូវឱ្យគាត់នៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញាត្រូវយកសំណាកវត្ថុ ទៅវិភាគជាបន្ទាន់នៅវិទ្យាស្ថានប៉ាស្ទ័រ។

គួររំលឹកថា ជនជាតិជប៉ុនម្នាក់បានធ្វើដំណើរជាបន្តបន្ទាប់ ក្នុងរយ:ពេលខ្លី ពីប្រទេសជប៉ុន មកកម្ពុជា ឆ្លងកាត់តាមវៀតណាម ហើយទៅហ្វីលីពីន និងបន្តមកកម្ពុជាវិញ មុននឹងត្រលប់ទៅប្រទេសជប៉ុន ដោយឆ្លងកាត់វៀតណាម ហើយរកឃើញវិជ្ជមានកូវីដ-19 ពេលទៅដល់ជប៉ុន។

ដោយ ផែន រតនៈ