ប្រតិភូគណ:កម្មការទី៩ នៃព្រឹទ្ធសភាប្រជុំជាមួយរដ្ឋបាលខេត្តឈ្វេងយល់ពីសក្តានុពល និងការអភិវឌ្ឍខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — រសៀលថ្ងៃព្រហស្បត្តិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស។ ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សារាជ ប្រធានគណ:កម្មការទី៩ នៃព្រឹទ្ធសភា បានដឹកនាំគណ:ប្រតិភូចូលជួបប្រជុំពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពល និងការអភិវឌ្ឍខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រជុំមានការចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ  និងឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គង់ សារាជ ប្រធានគណ: កម្មការទី៩ នៃព្រឹទ្ធសភាមានប្រសាសន៍ជម្រាបជូនថា គណ:កម្មការទី៩ នៃព្រឹទ្ធសភាមានគម្រោង៣ ក្នុងការចុះមូលដ្ឋាន គឺ ទី១-តំបន់ភូមិភាគឦសាន ។ ទី២-តំបន់ជុំវិញបឹងទន្លេសាប និងទី៣-ខេត្តព្រះសីហនុ។ ក្នុងដំណើរមកកាន់ខេត្តព្រះសីហនុ ផ្តោតសំខាន់លើកការងារសាធារណការ (ផ្លូវថ្នល់) អាកាសចរណ៍ស៊ីវិល, ប្រៃសណីយ៍, ឧស្សាហកម្ម (គ្រប់គ្រងធនធានទឹក-ទឹកស្អាត) រ៉ែ-ថាមពល (ប្រេងកាត) រោងចក្រធ្យូងថ្មពាណិជ្ជកម្ម (ការនាំចេញ-នាំចូល) និងដែនដីនគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម ប្រធានគណ:កម្មការទី៩ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យរៀបចំខេត្តព្រះសីហនុ ទៅជាប៉ូលអភិវឌ្ឍន៍ជាតិមួយប្រកបដោយចីរភាពនៅក្នុងតំបន់។ ទី១. អភិវឌ្ឍន៍ទីក្រុងនេះឱ្យទំនើប។ ទី២. ហេដ្ឋារចនាសម្ព័ន្ធ ឆ្នេរសមុទ្រ ដែលជាឆ្នេរស្អាតលើពិភពលោក រៀបចំតំបន់សេដ្ឋកិច្ចពហុបំណង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ អភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទាំងមូល ដោយធ្វើយ៉ាងណាឱ្យទីក្រុង-ខេត្តព្រះសីហនុមានសុខដុមរមនីយ កម្ម ចង់រស់នៅ ។ ក្នុងឱកាសនោះគណៈប្រតិភូក៏បានពិនិត្យមើលការស្ថាបនាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ បច្ចុប្បន្នផ្លូវនេះសាងសង់បានប្រមាណ ២០ភាគរយហើយ ជួយសម្រួលចរាចរណ៍ដឹកជញ្ជូន ។ គណ:កម្មការក៏បានបន្តចុះពិនិ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នមាននាវាចូលចតពិតមែន ក៏ប៉ុន្តែមិនទាន់គ្រប់ខ្នាតដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបានទេ។ ដោយសារតែទំនិញដែលយើងដឹកជញ្ជូន មិនអាចដឹកត្រង់ទៅកាន់អាម៉េរិក ចិន និងប្រទេសនានាលើសកលលោកបាន ព្រោះកំពង់ផែយើងនៅតូច យើងនឹងខិតខំកសាងពង្រីកកំពង់ផែទឹកជ្រៅដែលអាចឱ្យនាវាធុនធំធ្វើដំណើរដឹកជញ្ជូនទំនិញទៅកាន់គ្រប់តំបន់បាន។ ចំពោះបញ្ហាបរិស្ថាន កម្រិតធូលីក្នុងខ្យល់មានលក្ខណៈល្អ បរិស្ថានបៃតង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភាថា រដ្ឋបាលខេត្តកំពុងរៀបចំធនធានមនុស្ស ដើម្បីរត់តាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ហើយចំពោះសកម្មភាពផលិតទឹកស្អាត នៅខេត្តព្រះសីហនុ ប្រគល់ឱ្យក្រុមហ៊ុនឯកជន (អាងកូ) រីឯការចែកចាយទឹកស្អាតជួនប្រជាពលរដ្ឋ ខាងរដ្ឋករទឹកជាអ្នកគ្រប់ គ្រង ។ ការប្រើប្រាស់ទឹកនាពេលបច្ចុប្បន្នមានជាង ៦.២០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ។ ដោយឡែកចំពោះថាមពលអគ្គិសនីនាពេលបច្ចុប្បន្នប្រើប្រាស់ប្រមាណ ១១០មេហ្កាវ៉ាត់ ក្នុងមួយថ្ងៃ ។ ចំពោះសំណល់រឹង ក៏ជាបញ្ហាប្រឈម ដែលកន្លងមកធនាគារពិភពលោក និងវិស័យឯកជនបានមកសិក្សាចង់កែច្នៃសំរាមជាថាមពលអគ្គិសនី ក៏ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបនៅឡើយ ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន៩ ក្នុងនោះ ៥កំពុងដំណើរការស្រូបយកកម្លាំងពលកម្មប្រមាណ ៥ម៉ឺននាក់ ហើយនៅឆ្នាំ២០២០នេះ មានក្រុមហ៊ុនជិត១០០ទៀត ដែលត្រូវការកម្លាំងពលកម្មបន្ថែម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ។ ក្រៅពីនោះខេត្តនៅមានសក្តានុពលឆ្នេរ និងកោះ ដែលបច្ចុប្បន្ននេះភ្ញៀវទេសចរកំពុងចាប់អារម្មណ៍ទៅលេងកម្សាន្តតាមកោះកាន់តែច្រើន ។ ទន្ទឹមនោះរដ្ឋបាលខេត្តក៏បាននិងពង្រឹងសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវទឹកកាន់តែមានប្រសិទ្ធភាព ដោយតម្រូវឱ្យភ្ញៀវពាក់អាវពោងសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ៕

ដោយ ងូ សុមុនី