ក្រសួងសុខាភិបាលគូសបញ្ជាក់ថា ក្រសួងមិនលាក់ព័ត៌មានស្ដីពីកូវីដ-១៩ ដើម្បីការពារមុខមាត់រាជរដ្ឋាភិបាលនោះឡើយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាលមិនលាក់ព័ត៌មានស្ដីពីកូរូណាប្រភេទថ្មី ឬហៅថា កូវីដ-១៩ ដើម្បីការពារមុខមាត់រាជរដ្ឋាភិបាលនោះឡើយ ខណៈកម្ពុជាគិតរហូតមកដល់ពេល​នេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ឆ្លងជំងឺនេះទេ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីកូវីដ-១៩ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា “ដោយមានការចោទថា ក្រសួងសុខាភិបាល​លាក់ព័ត៌មានដើម្បីការពារមុខមាត់រាជរដ្ឋាភិបាល គឺកម្មវិធីនាពេលនេះគោលបំណងរបស់​យើងគឺបង្ហាញភាពពិតជាក់ស្ដែង។ ហើយខ្ញុំលើកឡើងច្រើនហើយដែលអំពីស្ថានភាពលើ​សកលលោក និងប្រទេសយើង ដែលយើងអត់មានហេតុផលអ្វីទាំងអស់ សម្រាប់ការលាក់​លៀម​ព័ត៌មាន”។ លោកជំទាវថ្លែងថា គិតមកទល់ពេលនេះកម្ពុជា បានយកសំណាកទាំងអស់​ចំនួន១៤៥នាក់ មកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយមានតែ១ករណីតែប៉ុណ្ណោះ ដែលបាន​កើតជំងឺកូវីដ-១៩ ទៅលើជនជាតិចិន នៅខេត្តព្រះសីហនុ ដែលបានព្យាបាលឱ្យ​ជាសះស្បើយ​ហើយដែរ ។ ចំណែកចំនួន១៤៤ទៀត គឺមិនមានជំងឺនេះនោះទេ។

លោកជំទាវបានបន្ដថា តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក្រសួងសុខាភិបាលក៏បានបង្កើនការត្រៀមឆ្លើយតបបន្ថែម​ទៀតដើម្បីការ​ទប់​ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ជាមួយគ្នានេះ  ក្រសួងក៏បានធ្វើការបដិសេធជា​បន្តបន្ទាប់ពីប្រភពព័ត៌មានក្លែងក្លាយមួយចំនួន ដែលបានផ្សព្វផ្សាយទាក់ទងការកើត​មាន​ឡើងនូវ​ការឆ្លងជំងឺកូវីដ-១៩ ដែលករណីទាំងអស់នោះ មិនមែនជាជំងឺកូវីដ-១៩ នោះទេ។ ចំពោះ​ករណីដើរៗ​ដួសសន្លប់នោះមិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ ។

លោកជំទាវរដ្ឋលេខាធិការក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ពីបញ្ហាជំងឺនេះ ហើយបើមានករណីសង្ស័យនោះ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ លើសពី​នេះទៀត ត្រូវការពារ និងធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃឱ្យបានញឹកញាប់ ការរស់​នៅ​ស្អាត ហូបស្អាតជាដើម។ លោកជំទាវបានលើកឡើងដែរថា ចំពោះករណីបុរសជន​ជាតិជប៉ុន​ឆ្លងជំងឺកូវីដ-១៩ ដែលចេញពីកម្ពុជា ឆ្ពោះទៅប្រទេសជប៉ុននោះ គឺគិតមកដល់ល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ក្រសួងទទួលបានព័ត៌មានពីអាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្តសៀមរាប​ហើយ គឺបានទៅរកឃើញមនុស្ស៤នាក់ ដែលពួកគាត់ធ្លាប់ធ្វើការទំនាក់ទំនងដោយ​ផ្ទាល់​ជាមួយបុរសជនជាតិជប៉ុននោះ ហើយអ្នកទាំង៤នាក់នោះ ក៏យកទុកដាច់ដោយឡែក​ផងដែរ។

លោកសាស្ដ្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា ក៏បានលើកឡើងដែរថា ចំពោះរោគ​សញ្ញាករណីសង្ស័យថាមានជំងឺកូវីដ-១៩ មានដូចជា កំដៅលើស៣៨អង្សាសេ  ករណីក្អក  ឈឺបំពុងក ដកដង្ហើមពិបាក បូកនឹងប្រវត្តិធ្លាប់ទៅកន្លែងដែលសង្ស័យថាមានជំងឺកូវីដ-១៩ ហើយ​ទាមទារតាមដានយៈពេល១៤ថ្ងៃ។ លោកសាស្រ្ដាចារ្យបានបន្ដថា បើមានករណីបែប​នេះគឺត្រូវយកសំណាកគាត់មកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។

ជាមួយគ្នានេះដែរ លោកស្រី Phiomena Raftery មន្ត្រីបច្ចេកទេសនៃអង្គការសុខភាព​ពិភពលោកក៏បានពន្យល់អំពីលក្ខខណ្ឌដែលត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយមិនត្រូវ​ធ្វើតេស្តគ្រប់​មនុស្សនោះទេ។ លោកស្រីបានអះអាងថា ការធ្វើតេស្តចំពោះជនដែលមិនមាន​រោគសញ្ញា នឹងធ្វើឱ្យមានការខ្ជះខ្ជាយដល់ធនធាន និងពេលវេលា៕

ដោយ ប៊ុនរិទ្ធ