ក្រុមខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុប្រជែងបាន៣ពិន្ទុ ក្នុងការ​ប្រកួតវគ្គជម្រុះថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — ក្រុមម្ចាស់ផ្ទះទាំង៣ គឺខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុប្រជែងបាន៣​ពិន្ទុ​ដូចៗគ្នា ក្រោយពីបានប្រកួតឈ្នះគូប្រកួតរៀងខ្លួន កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅ​ក្នុងជំនួបន្សំពិន្ទុក្នុងពូល សប្តាហ៍ទី៥ វគ្គជម្រុះថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០។

ក្រុមខេត្តកំពង់ស្ពឺបានយកឈ្នះក្រុមខេត្តតាកែវ ដោយលទ្ធផល ២ទល់០, ខេត្តកោះកុង​យកឈ្នះខេត្តកែប ៣ទល់២ និងខេត្តព្រះសីហនុបានយកឈ្នះក្រុមខេត្តកំពតដោយលទ្ធផល ៥ទល់០។ ចំពោះ៤ប្រកួតផ្សេងទៀត នៃសប្តាហ៍ទី៥នេះដែរ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ រួមមាន៖ ក្រុមខេត្តបាត់ដំបងចែកគ្នាម្នាក់១ពិន្ទុជាមួយខេត្តកំពង់ឆ្នាំង ដោយរក្សា​លទ្ធផលស្មើគ្នា ២ទល់២, ខេត្តពោធិ៍សាត់បំបាក់បន្ទាយមានជ័យ ៦ទល់០, សៀមរាបចាញ់​ព្រះវិហារ ០ទល់១ ខណៈខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ស្មើគ្នា ២ទល់២។

នៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលទាំង៥ ដែលមាន​១៧ក្រុមនោះនឹងត្រូវបញ្ចប់ជាស្ថាពរ ដោយគណៈកម្មការបច្ចេកទេសនៃគណៈកម្មការ​បាល់​ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំចាប់ឆ្នោតជ្រើស​រើសគូ​ប្រកួតជាថ្មី សម្រាប់វគ្គ១/៤ ឬវគ្គ៨ក្រុមចុងក្រោយ ដោយ៨ក្រុមនោះគឺជាក្រុម​ចំណាត់ថ្នាក់​លេខ១​នៃពូលទាំង៥ ស្មើនឹង៥ក្រុម រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ចំនួន៣ក្រុមដែលល្អផ្តាច់​គេនៃពូលទាំង៥៕

ដោយ ហេង ណាលីន