អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មនុស្ស៤នាក់ ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយបុរសជនជាតិជប៉ុនដែលមានផ្ទុក​មេរោគ​Covid-19កំពុងដាក់ឱ្យនៅក្នុងបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា មនុស្ស៤នាក់ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយបុរសជនជាតិ​ជប៉ុន​ដែលមានផ្ទុកមេរោគCovid-19 កំពុងដាក់ឱ្យនៅក្នុងបន្ទប់ដាច់ដោយឡែកក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង៤០នាក់ផ្សេងទៀតប៉ះពាល់ប្រយោល កំពុងតាមដានសុខភាព។

ឯកឧត្តម លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ទីភ្នាក់ងារសារព័ត៌​កម្ពុជា AKP ឱ្យដឹងនៅរសៀលថ្ងៃទី០៥ខែមីនានេះថា ក្រោយពីទទួលបានព័ត៌មានថា ជន​ជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរ​ខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការប្រកបដោយភាព​ត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង​សហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ។ ឯកឧត្ដមបានលើកឡើងថា មន្រ្តីជំនាញបានរកឃើញ​អ្នកប៉ះពាល់ផ្ទាល់ចំនួន៤នាក់ និងប្រមាណ៤០នាក់ប៉ះពាល់ប្រយោល ដែលតម្រូវឱ្យគាត់​នៅដោយឡែកពីគេចំនួន១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញាត្រូវយកវត្ថុ​វិភាគជាបន្ទាន់ ប៉ុន្តែរហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។

សូមបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះ គាត់ជាអ្នកធុរកិច្ច និងបានធ្វើដំណើរជាបន្តបន្ទាប់​ក្នុងរយ:ពេលខ្លីពីប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មក​ទៅ​វៀតណាម និងត្រឡប់ចូលប្រទេសជប៉ុនវិញ ហើយរកឃើញវិជ្ជមានCOVID-19 នៅ​ទីនោះ។ មន្រ្ដីជំនាញផ្នែកសុខាភិបាលបានឱ្យដឹងថា គិតរហូតដល់ម៉ោង៤ល្ងាចថ្ងៃទី០៥​ខែមីនា ឆ្នាំ២០២០នេះ គឺមិនទាន់កឃើញ​ករណីថ្មីនៅឡើយទេ៕

ដោយ ឃុត សៅ