វេទិការាជរដ្ឋា​ភិ​បាល-ផ្នែកឯកជន បន្តពិនិត្យដោះស្រាយបញ្ហា ដែលបាន​លើកឡើង​ដោយវិ​ស័យ​ឯ​ក​ជន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — វេទិការាជរដ្ឋា​ភិ​បាល-ផ្នែកឯកជនបានរៀ​បចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង ​អភិបាល​កិច្ច ក្រុម “ឃ” កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដើម្បីបន្តពិនិត្យ ដោះស្រាយបញ្ហាដែលបាន​លើ​ក​​ឡើងដោយវិស័យឯកជន។

បញ្ហាប្រឈមចំនួន៤ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ ដើម្បីឱ្យខាងភាគី​រាជ​រដ្ឋា​ភិ​បាល​ បាន​ឆ្លើ​យតប បំភ្លឺ និងដោះស្រាយរួមមាន៖

១. ការសិក្សាស្រាវជ្រាវអំពីពាណិជ្ជកម្មបារីខុសច្បាប់៖ ដោយពិនិត្យឃើញថា បច្ចុប្បន្ន​មា​ន​​​​កា​រធ្វើពាណិជ្ជកម្មបារីខុសច្បាប់ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រកួត ប្រជែ​ងដោ​យ​ស្មោះ​ត្រ​ង់ និងការប្រកបធុរកិច្ចស្របច្បាប់នៅក្នុងប្រទេស, សមាគមឧស្សា ហកម្មថ្នាំជក់នៃកម្ពុជា បាន​ស្នើ ធ្វើការសិក្សាស្រាវជ្រាវពីពាណិជ្ជកម្មបារីខុសច្បាប់ទាំងនោះ និងបន្តរឹតបន្តឹង​ការអនុវត្ត​កាត​ព្វ​កិ​​​ច្ចតែមប្រិ៍អាករ ពិសេស ការចាត់វិធានការម៉ឺងម៉ាត់ស្របតាមច្បាប់ជាធរមាន។ បន្ទាប់ពីកិច្ច ពិភាក្សា សំណើនេះ នឹងត្រូវយកទៅបន្តពិភាក្សា​រកដំណោះ​ស្រាយថ្នាក់​ការ​ងា​រ​បច្ចេកទេសនៅក្នុងក្រុមការងារចម្រុះ ដែលមានសមាសភាពពីអគ្គនាយកដ្ឋានពន្ធដារ និងអគ្គ​នា​យកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយក្រុមការងារបច្ចេកទេសនៃអ​គ្គនាយក​ដ្ឋាន​ពាក់​ព័ន្ធ​ទាំង​នេះ​ត្រូវ​ធ្វើការងារដោយ​ត្រង់​ជាមួយ​វិស័យ​ឯក​ជន និង​លើកសំណើ​ដើម្បីពិនិត្យ និងសម្រេច​បន្ថែ​ម​​​តាម​ការ​ចាំបាច់។

២. សេចក្តីបារម្ភរបស់​ឧស្សាហកម្មស្រាលើសេចក្តីព្រាង​ច្បាប់ស្ដីពីការត្រួតពិនិត្យផលិត​ផល​គ្រឿងស្រវឹង៖ តំណាងផ្នែកឯកជនក្នុងឧស្សាហកម្មស្រានិងអ្នកផលិត​ស្រាអន្តរជាតិបាន​សំ​ដែ​​ងនូវក្ដីបារម្ភ ក្រោយពីបានពិនិត្យ​សេចក្តីព្រាងច្បាប់ស្ដីពីការត្រួត​ពិនិត្យផលិ​តផ​លគ្រឿ​ងស្រ​វឹ​ង ដូចជាបញ្ហាពាក់ព័ន្ធនឹងការកំណត់អាយុដែល ច្បាប់អនុញ្ញាតឱ្យប្រើប្រាស់គ្រឿងស្រវឹង ការផ្ស​ព្វ​ផ្សា​​យពាណិជ្ជកម្ម ទីផ្សារលក់ ការចែកចាយ និងការយកពន្ធលើផលិតផលគ្រឿងស្រវឹងជាដើម ។ ឆ្លើយតបករណីនេះ ក្រុមការងារ​បច្ចេក​ទេសនៃក្រសួង​សុខាភិបាល​ នឹងពិនិត្យ​សេចក្តីព្រា​ង​ច្បាប់​នេះ​ឡើង​វិញ តាម​ការ​ណែនាំរបស់​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ហើយបាន​ស្វាគមន៍​វិស័យ​ឯក​ជន​​ចូលរួម​ផ្តល់​យោបល់លើការពិនិត្យ​សេចក្តី- ព្រាងច្បាប់​នេះ។

៣. ផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (Covid-19)៖ ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងពិភពលោក និងក្នុងតំបន់បានជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ផ្នែកឯកជន​បាន​ស្នើ​​សុំ​ការផ្ដល់ព័ត៌មាន វិធានការរបស់រាជរដ្ឋាភិបាលលើបញ្ហានេះ ដូចជា ការរៀប​ចំជា​ច្បាប់​បទ​ប្ប​ញ្ញត្តិ និងគោលនយោបាយសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ប្រសិន​បើវីរុ​សរី​ករា​លដា​ល​នៅប្រទេសកម្ពុជា និង ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ។ ឆ្លើយតបនឹងបញ្ហា​នេះ ​ក្រសួ​ងសុខាភិបាល ​បានចាត់​វិធានការ​​ លើ​សពីការ​ការ​ពារ ​ការរី​ក​រា​​ល​ដាល​នៃ​វីរុស Covid-19 ព្រម​ទាំង​គិត​គូរ​រក​វិធានការ​ជាប្រព័ន្ធ​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះពីគ្រប់​ក្រ​សួង​-ស្ថាប័នពាក់​ព័ន្ធ តាមរយៈ ការ​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ, វិធានការ​ឆ្លើយ​តប​បន្ទាន់, រៀ​ប​ចំ​​គោ​លការណ៍ណែនាំ ចុះ​ធ្វើការ​ផ្សព្វ​ផ្សាយ​នៅ​ហ្នឹង​កន្លែង និង​វិធានការ​អប់​រំ​ដល់​ប្រជា​ពលរដ្ឋ ដើ​ម្បី​​ដោះស្រាយ​ និងបង្ការ​បញ្ហា​​ដែល​អាច​កើតមាន​ជា​យថា​ហេតុឱ្យ​បាន​ទាន់​ពេល​វេលា​ក្នុង​ស្មា​រ​តី​បុរេសកម្ម ក៏ដូចជា​ ពង្រឹង ​​និង​បង្កើន​ធនធានបន្ថែម ទាំង​ផ្នែកគ្រូពេទ្យ សម្ភារៈ​ពេទ្យ រៀបចំ​ឧប​ក​រណ៍​ស្គេន​កម្តៅ ប្រព័ន្ធ​គ្រប់​គ្រង និង​ភ្នាក់​ងារ​ចាំ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​វីរុស​តាមរយៈលេខ​ទំ​នា​ក់​​​ទំនង​បន្ទាន់​លេខ ១១៥ ព្រមទាំង​ពង្រឹង​កិច្ច​សហការជាមួយ​អង្គការ​សុខភាព​ពិភព​លោក (WHO​)​ ជាដើម។ ជាមួយគ្នានេះ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​បាន ​និង​កំពុងសហការជាមួយ​ក្រសួង​សុខា​ភិ​បាល​ និង​ដៃ​គូពាក់​ព័ន្ធ ដើម្បីរៀបចំក្របខ័ណ្ឌរួម​ ជាវិធានការ និងយន្តការជា​កញ្ចប់​ពាក់ព័ន្ធ​នឹ​ង​កា​រ​ការពារ​វីរុស Covid-19 និង​មេរោគ​ឆ្លង​នានា សម្រាប់​រយៈពេល ៦ខែ ដោយ​គ្រោង​ចំណាយ​ថវិ​កា​​ជាង ៣០​ លាន​ដុល្លារ​អាម៉េរិក តាមរយៈ​ការ​រៀបចំបង្កើ​ត​ប្រព័ន្ធ​ការពារ​ និង​ឧបករណ៍​តា​ម​ដា​ន ​រៀបចំ​ទីកន្លែង​ដើម្បី​ទទួល​ដោះស្រាយ​ ក៏ដូចជា ស្វែង​រក​អ្នក​ដែល​មាន​លទ្ធភាព​ឆ្លង​កុំ​ឱ្យមា​ន​កា​រ​រីករាលដាល សំដៅ​​បង្ការ ការ​ពារ​ និង​ព្យាបាល​ក្នុងករណី​មានការ​ឆ្លង​វីរុស។ ការរៀបចំក្រប ខ័ណ្ឌ​ ដោះស្រាយ​ទាំង​ផ្នែក​រឹង​ និង​ផ្នែក​ទន់ ដើម្បី​អាច​ទប់​ស្កាត់​ ​រួមជាមួយ​វិ​ធា​​នកា​រ​ដោះស្រាយលើគ្រប់​ទិដ្ឋភាពដែលអាច ឈាន​ទៅ​ដល់​ការ​គិត​គូរ​ឱ្យ​មាន​ប្រព័ន្ធ​ការ​ពារ​​សុ​ខ​​ភាព​សាធារណៈសម្រាប់ការពារជំងឺឆ្លងទៅ​​អនាគត​តែម្តង។

៤.ផលប៉ះពាល់នៃការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA) ដល់សេដ្ឋកិច្ចកម្ពុជា៖ ចំណែកការ​ព្យួរ EBA លើផ្នែក​ខ្លះ ក៏មានការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​មក​លើ​សេដ្ឋកិច្ច​កម្ពុជាផងដែរ។ ក្នុងគោលដៅដោះស្រាយ​បញ្ហា​ទាំង​ពីរនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រកាសអំពីវិធានការរបស់រារដ្ឋាភិបាល ដើម្បីគ្រប់​គ្រង​ផលប៉ះពាល់ពីជំងឺ Covid-19 និងការព្យួរ EBA តាមរយៈការដាក់ចេញនូវវិធានការជុំទី១ ដោ​យមុតស្រួចចំវិស័យ និងចំណុចដែលរងផលប៉ះពាល់ខ្លាំង ដើម្បីជួយ​សម្រា​ល​ផ​ល​ប៉ះ​ពា​ល់ និងគាំទ្រដល់វិស័យដែលប៉ះ ពាល់ខ្លាំង ដូចជា​វិស័យទេសចរណ៍ វិស័យកាត់ដេរ វិស័​យ​អ​ច​ល​នទ្រព្យ និងអ្នកដែលអាចបាត់បង់ការងារធ្វើ ព្រមទាំង ដើម្បី​ទ្រទ្រង់​កំណើន។

ជាមួយគ្នានោះ ក្រសួ​ងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានដាក់​ចេញ​នូវ​សេចក្តីណែនាំ​ជាបន្តបន្ទាប់ សម្រាប់​អនុវត្ត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏នឹងប្រកាសដាក់ចេ​ញនូ​វក​ញ្ចប់នៃវិធានការគោលនយោបាយ និងការកែទម្រង់មុតស្រួច និងជាក់លាក់មួយចំនួនទៀត​ នៅ​ក្នុងឱកាសនៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី ១៩ នៅ​ថ្ងៃទី០១ ខែ​មេសា ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច ពិសេ​ស ការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា រួមទាំង ការ​លើកម្ពស់​វិស័​យ​ទេ​ស​ច​រណ៍ កសិកម្ម ឧស្សាហកម្ម និង SMEs ជាដើម ដែលនឹងជួយវិស័យឯកជន និងប្រ​ជា​ជ​ន​ក​ម្ពុជា ទទួល​ផល​ទាំង​អស់គ្នា​ពីការរីក​ចម្រើន ប្រកបដោយ​សមធម៌ និង​បរិយាប័ន្ន ។ តាមរយៈយន្តការក្រុម “ឃ” ​ក្រុមការងារនៃអគ្គនា​យកដ្ឋាន​ពន្ធ​ដា​រ និងផ្នែកឯកជន បានធ្វើការពិភាក្សា និងដោះស្រាយរួចរាល់ទាំងស្រុង នូវបញ្ហាកង្វល់​របស់​វិស័យ​ឯកជនដែលបានលើកឡើងសរុបចំនួន១៦ ក្នុង​ស្មារតី​កែ​លម្អ​បរិយាកាស​ធុរកិច្ច និងកិច្ចដំ​ណើរ​ការរបស់សហគ្រាស។ លើសនេះទៀត ក្រុម “ឃ” នឹងបន្តយក ចិត្តទុកដាក់ខ្ពស់ ស្របតាមគោលនយោបាយ​រ​ប​ស់​រាជ​រដ្ឋាភិបាល ក្នុងឆន្ទៈយ៉ាងមុះមុតឥតរា ថយក្នុងកិច្ចខិតខំ ប្រឹងប្រែង ដោះស្រាយបញ្ហា​រប​ស់​វិ​ស័​យ​ឯកជន ដើម្បីរួមចំណែកពង្រឹងការ ប្រកួត ប្រជែងរបស់កម្ពុជា បង្កើតនូវបរិយាកាសល្អប្រសើរ ឡើង​ចំពោះការធ្វើធុរកិច្ច ការវិនិយោគ តាមរយៈការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌ ដើ​ម្បី​​លើ​កស្ទួយ​កំណើ​ន សេដ្ឋកិច្ច​ជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា កិច្ច​ប្រជុំ​ក្រុម​ការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង ​អភិបាល​កិច្ច ក្រុម “ឃ” នេះ​ដឹ​ក​នាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្រ្តី​ក្រ​សួ​ង​សេ​ដ្ឋ​កិ​ច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុម ឃ និងលោក Bretton G. Scaironi ស​ហ​ប្រធានក្រុម ឃ (ខាងផ្នែកឯកជន) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោ​ក​ស្រី​ជាស​ហសេវិកទាំងផ្នែករាជរដ្ឋាភិបាល និងទាំងវិស័យឯកជន ព្រមទាំង តំណា​ង​​សភា​ពាណិ​ជ្ជកម្មកម្ពុជាផងដែរ។ ជារួមកិច្ចប្រជុំក្រុម​ការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបា​ល​​កិច្ច ក្រុម “ឃ” តែងតែដោះស្រាយបាននូវបញ្ហា ជាច្រើនដែល​សុទ្ធតែ​ជាក​ង្វល់រប​ស់វិ​ស័យ​ឯ​ក​ជ​ន ហើយ​ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងពេលកន្លងមក៕

ដោយ គង់ សិរីរ័ត្ន