អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា៖ ​ការដឹកជញ្ជូនវត្ថុធាតុដើមបានចាប់ផ្តើមនាំ​ចូលមក​កម្ពុជា​​ជាបណ្តើរៗខ្លះហើយ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងថា ការដឹកជញ្ជូនវត្ថុ​ធាតុ​ដើមដែល​នាំចូលមកកម្ពុជា បានចាប់ផ្ដើមជាបណ្ដើរៗខ្លះហើយ ក្នុងនោះនឹងផ្តល់អាទិភាព​ចំពោះការដឹកជញ្ជូនវត្ថុធាតុដើមពីប្រទេសចិនចូលមកកម្ពុជា។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋ​មន្ត្រី​ ឯកឧត្ដមបណ្ឌិត គុណ  ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គ​នាយក​​ដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា វត្ថុធាតុដើមបានចាប់ផ្តើមនាំចូល​មក​វិញ​ជាបណ្តើរៗហើយ ដែលបញ្ហានេះ យើងត្រៀមថាបើវត្ថុធាតុដើមច្រើន នឹងត្រៀមបន្ថែម​ម៉ោង​រដ្ឋបាល ដោយធ្វើការរហូតដល់ម៉ោង១១ ឬម៉ោង១២យប់បន្ថែមទៀត។  ឯកឧត្ដម​បាន​បញ្ជាក់បន្ថែមថា “យើងត្រៀមរួចហើយក្នុងនោះអំពីម៉ោងរដ្ឋបាល ខ្ញុំចង់ប្រាប់ថាយើង​តាមដាន​ជារៀងរាល់ថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ឃើញថាវត្ថុធាតុដើម​ចាប់ផ្តើមមកវិញបណ្តើរៗហើយ។ យើងត្រៀមថាបើវត្ថុធាតុដើមច្រើន យើងត្រៀម​បន្ថែមម៉ោង​រដ្ឋបាល ដោយធ្វើការដល់ម៉ោង១១ ឬ១២យប់ ដើម្បីធ្វើយ៉ាងណាឱ្យកប៉ាល់មកភ្លាម កុងតឺន័រ​ដឹកចេញពីកំពង់ផែទៅរោងចក្រតែម្តង។” ឯកឧត្ដមបានបន្ដថា នៅពេលមានបញ្ហាជំងឺកូវីដ-១៩នេះកើតឡើងយើងដឹងទាំងអស់គ្នា​ហើយថា​មានការខ្វះខាតក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថបានចេញលិខិតមួយ ដោយតម្រូវឱ្យអគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់ទុកថា នេះគឺជាការងារអាទិភាពឱ្យបានជាអតិបរមា ក្នុងការ​សម្រួលការនាំចូលវត្ថុធាតុដើមលើវិស័យកាត់ដេរ និងគ្រឿងបង្គុំសម្រាប់ផលិត​វត្ថុនាំចេញ​ផងដែរ។ ឯកឧត្ដមបានបន្ថែមថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកច្រក​ពិសេស​មួយសម្រាប់ការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរផងដែរ ហើយវត្ថុធាតុដើម​លើ​វិស័យកាត់ដេរ គឺជាអាទិភាពទីមួយ។

ឯកឧត្ដម ស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកបានកំពុងពិនិត្យយ៉ាងយកចិត្តទុក​ដាក់ចំពោះបញ្ហាសេដ្ឋកិច្ច ក្រោយពីជំងឺកូវីដ-១៩ បញ្ចប់ ហើយប្រទេសជិតខាងកម្ពុជាក៏​បន្ត​មើលផងដែរ។ ប៉ុន្តែអ្វីដែលយើងមិនអាចឆ្លើយតបាននោះគឺទំហំ នៃជំងឺនេះថាតើ​មានកម្រិត និងមានរយៈពេលប៉ុន្មាន។ ឯកឧត្ដមបានបន្ដថា សម្រាប់កម្ពុជាយើងនៅពេលសកលលោក​ប៉ះពាល់ជំងឺនោះយើងក៏ទទួលរងដែរ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការរាលដាលខ្លាំង​នោះទេ។ ដូច្នេះបើមានការរីករាលដាលជំងឺនេះខ្លាំងនៅលើសកលនោះទំហំសេដ្ឋកិច្ចរូម ទាំង​កម្ពុជាក៏នឹងមានការប៉ះពាល់ខ្លាំងធ្ងន់ធ្ងរដែរ។ ឯកឧត្ដមបានលើកឡើងថា លទ្ធផលនៃការព្យួរ​ប្រតិបត្តិការនៅតាមរោងចក្រមិនមែនមានសម្រាប់កម្ពុជានោះទេ គឺប៉ះពាល់សំខាន់នោះគឺ​វត្ថុ​ធាតុ​ដើមដែលនាំពីប្រទេសចិនដែលជាកន្លែងផ្ទុះមេរោគកូវីដ-១៩ ដែលមានភាពរអាក់រអួល៕

​ដោយ ប៊ុនរិទ្ធ