ក្រសួងសុខាភិបាលច្រានចោលការផ្សាយព័ត៌មានដែលថា មានមនុស្សសន្លប់ និងស្លាប់ រួមទាំងជនបរទេសផង ដោយសារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានតាម​បណ្ដាញសង្គមដែលលើកឡើងថា មានការដួលសន្លប់ និងស្លាប់ទាំងជនបរទេស និងជន​ជាតិខ្មែរ​នា​ពេលកន្លងមកនេះដោយសារតែជំងឺកូវីដ-១៩ ដែលការផ្សាយនេះគឺជាការមិនពិត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៥ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រ សួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាលបានថ្លែងថា “សូមប្រជាពលរដ្ឋកុំជឿតាមការឃោសនា និងការប្រឌិតព័ត៌មាន​ហើយពេលមានព័ត៌មានចេញឡើងហើយស្រែកថាជាកូវីដ-១៩នោះ សូមបងប្អូនប្រជាពលរដ្ឋ​កុំជឿ ពីព្រោះមានការបញ្ជាក់ពីគ្រូពេទ្យបញ្ជាក់ច្បាស់លាស់ហើយ ថាមិនមានជំងឺកូវីដ-១៩​ណា​​ដើរៗ​ទៅសន្លប់ ឬស្លាប់តែម្តងនោះទេ”។ លោកជំទាវបានលើកឡើងថា ជំងឺកូវីដ-១៩​ កើតមានថេរពេលវេលាត្រឹមត្រូវ  ដែលចាប់ផ្ដើមដំបូងតិច ហើយបើ សិនគ្មានការស្វែង​រកការ​ព្យាបាលនោះទេជំងឺនឹងវិវត្តន៍ធ្ងន់សិន។ លោកជំទាវបានពន្យល់ថា ជំងឺនេះមិនស្លាប់ភ្លាមនោះ​ទេ គឺវាវិវត្តន៍ទៅស្ថានភាពធ្ងន់សិន ហើយរយៈពេលពីកើតរហូតដល់ធ្ងន់នោះអាចមួយសប្តាហ៍ ឬ២សប្តាហ៍ ឬបីសប្តាហ៍ ឬដល់ខែក៏អាចថាបានដែរ។ ជាមួយគ្នានេះ បើសិនឈានដល់​ខណៈ​ធ្ងន់ធ្ងរ ហើយគ្មានការព្យាបាលទេនោះ អ្នកជំងឺអាចនឹងឈានដល់ការបាត់បង់ជីវិតផងដែរ។

លោកជំទាវវេជ្ជបណ្ឌិតបានគូសបញ្ជាក់យ៉ាងថា “ដូច្នេះជំងឺកូវីដ-១៩ នេះមិនអាចមាន ស្ថានភាពដើរៗទៅដួលសន្លប់ ឬក៏ដួលស្លាប់ អីចឹ្ចងនោះទេ”។ លោកជំទាវបានលើកឡើង ទៀតថា ចំពោះការលើកឡើងនាពេលកន្លងមកនេះ មិនមានជាជំងឺកូវីដ-១៩នោះទេ ហើយ​រហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានជំងឺនេះនោះដែរ។

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា បើតាមរបាយការណ៍របស់អង្គភាពសុខ​ភាព​ពិភពលោកបានឱ្យដឹងថា ជំងឺកូវីដ-១៩ នៅប្រទេសចិនមានការថយចុះ ហើយដោយឡែក​នៅ​គិតត្រឹមថ្ងៃ០ទី៤ខែមីនា ឆ្នាំ២០២០ នៅប្រទេសចិនរកឃើញករណីនៃអ្នកកើតជំងឺកូវីដ-១៩ មាន​ចំនួន១២០ករណី។ តែបើប្រៀបធៀបពីចុងខែមករា រហូតដល់ ខែកុម្ភៈ ករណីថ្មី​ច្រើន រហូត​ដល់រាប់ពាន់ករណី។ បច្ចុប្បន្ននេះ ប្រសិទ្ធភាពនៃការព្យាបាលជំងឺនេះបានច្រើន ហើយ​ការ​ចម្លងក៏មានការកាត់បន្ថយច្រើន ដោយគិតត្រឹមថ្ងៃទី០៤ខែមីនា ឆ្នាំ២០២០។ ទន្ទឹមនេះ តាមបណ្តាប្រទេសលើសកលលោកមានចំនួន៧៦ប្រទេស បានប្រកាសរកឃើញជំងឺកូវីដ-១៩  ហើយការរកឃើញនេះគឺមានអ្នកផ្ទុកជំងឺសរុបចំនួន ២១០៣ករណីថ្មី។

លោកជំទាវបានបន្ដទៀតថា តាមការកត់សម្គាល់ឃើញថា ដោយមានការរីកចម្រើន​ជំងឺកូវីដ-១៩នេះ គឺគិត៣ដំណាក់កាល គឺទី១. កាកើតឡើងនៅក្នុងប្រទេសមួយ កន្លែងមួយ ប៉ុន្តែករណីនោះនាំមកពីកន្លែងផ្សេងៗ. ទី២. ការរាតត្បាតនៅក្នុងប្រទេស និងទី៣. ការរាត​ត្បាត​ជាសកល មានន័យថារាតត្បាតនៅលើសកលលោក។

លោកជំទាវបានថ្លែងបញ្ជាក់ថា “រហូតមកដល់ពេលនេះ ថ្ងៃទី០៥ ខែមីនាឆ្នាំ២០២០ ក្រសូងសុខាភិបាលបានយកសំណាកពីបុគ្គលដែលសង្ស័យកើតជំងឺកូវីដ-១៩ សរុប១៤៥នាក់ ហើយក្នុងចំណោមអ្នកទាំងនេះធ្វើតេស្តេនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយអ្នក១៤៥នាក់ ដោយ​លទ្ធផលបង្ហាញថា មានវិជ្ជមាន១នាក់ ជាជនជាតិចិន ហើយបានជាសះស្បើយ  ចំណែក​១៤៤​នាក់ទៀតលទ្ធផលអវិជ្ជមានទាំងអស់”។ លោកជំទាវបានអះអាងថា ក្នុង ចំណោម១៤៥​នាក់​ដែលធ្វើតេស្ត គឺមាន១ម្នាក់កើតជំងឺកូវីដ-១៩ ដែលជាជនជាតិចិននៅ ខេត្តព្រះសីហនុ និងបានព្យាបាលសះស្បើយ ហើយត្រឡប់ទៅស្រុកវិញហើយ។

លោកជំទាវបានបន្ថែមទៀតថា ថ្វីត្បិតតែមកដល់បច្ចុប្បន្ននេះមិនទាន់រកឃើញថា​ប្រជា​ជនកម្ពុជាកើតជំងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែយើយមិនស្ងៀមនោះទេ គឺកំពុងជំរុញសកម្មភាព យ៉ាងសកម្ម រឿងនេះ ដោយបានចាត់វិធានការស្វែងរកករណីដែលសង្ស័យ ដើម្បីឱ្យក្រុមគ្រូ ពេទ្យធ្វើការវាយតម្លៃ។ ក្នុងករណីនេះដែរ គ្រូពេទ្យរកឃើញមានការសង្ស័យនោះ​គ្រូពេទ្យ​នឹងយកសំណាកបុគ្គលសង្ស័យនោះទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ រកវីរុសកូវីដ១៩នេះ៕​

ដោយ ប៊ុនរិទ្ធ