លោកជំទាវ ម៉ែន សំអន៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រទេសជាតិមានសន្តិភាព ទាំងពុទ្ធចក្រ និងអាណាចក្រ 

AKP ស្វាយរៀង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ ឆ្លងសមិទ្ធផលនានានៅក្នុងវត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ស្ថិតក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយ ក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានបន្តទៀតថា ខេត្តស្វាយរៀងបាន ប្រែក្លាយពីតំបន់សង្គ្រាមសមរភូមិក្តៅ មកជាតំបន់ដែលមានសក្តានុពល មានរោងចក្រ សហគ្រាសតូច ធំ ដែលបានទាក់ទាញកម្លាំងពលកម្មក្នុងស្រុកបានយ៉ាងច្រើន និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

ចំណែកឯវិស័យពុទ្ធចក្រវិញ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះ វត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ដែលជាវត្តដ៏ចំណាស់ និងមានអាយុកាលជិត១៥៧ឆ្នាំ ក៏ត្រូវបាន ផ្តួចផ្តើមកសាង និងជួសជុលឡើងវិញពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកនាយកបេឡាជាតិ សន្តិសុខសង្គម និងលោកជំទាវរួមជា មួយ សប្បុរសជនជាច្រើន ដែលមានតម្លៃកសាងសរុប ១៦៣.៩០០ដុល្លារ ដែលបានលើកស្ទួយ ដល់វិស័យព្រះពុទ្ធសាសនឱ្យ កាន់តែមានការីកចម្រើនបន្ថែមទៀត។

លោកជំទាវបានលើកឡើងថា សមិទ្ធផលយ៉ាង ច្រើន ក្នុងវិស័យពុទ្ធចក្រ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់គោរពប្រតិបត្តិ ក្នុងវត្តបជ្ជិនវាសនាពេល នេះ ផ្ដើមចេញ ដោយកត្តាសុខសន្តិភាព ពេញលេញ ក្នុងការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ សេដ្ឋរីកចម្រើនរឹងមាំ ហើយរាជរដ្ឋាភិបាល បានបើកទូលាយខាងជំនឿសាសនា និងបានធ្វើ អ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មានការបែងចែកពី ជំនឿ សាសនា ឬនិន្នាការនយោបាយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកជំទាវ ក៏បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ការចេះការពារខ្លួន ធ្វើអនាម័យជាប្រចាំគឺជាជម្រើសដែលល្អបំផុត ដែលការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជំងឺCOVID-19ផងដែរ និងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ដោយរក្សាឱ្យ បាននូវសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សា នូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្សសម្រាប់ទុកដល់កូន ចៅជំនាន់ក្រោយៗទៀត។

ជាមួយគ្នានោះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជន តាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ សួស សំរិត