រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា  ឆ្នាំ២០២០

AKP កំពត ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ — នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីអបអរសាទរខួប លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងបងប្អូននារីដែលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តក្រុងស្រុកនិងឃុំសង្កាត់ សរុបប្រមាណ ១៤០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអាន នូវព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលមានខ្លឹមសារជាអាទិ៍ថា  ដោយបានសម្ដែងការ អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន និងកំពុងអនុវត្តន៍នូវគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់លើការរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានឱកាសអភិវឌ្ឍន៍ជីវភាព និងសុខុមាលភាពនៃការរស់នៅ តាមរយៈការបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈ និងចំណេះដឹង ប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន ក្នុងការរួមចំណែកធ្វើឱ្យ ប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម។

ក្នុងខ្លឹមសារព្រះរាជសារ ក៏បានសម្តែងនូវការអរគុណផងដែរចំពោះដំណើរ ការយ៉ាងសកម្ម នៃគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រួមនឹងស្ថាប័ននីតិបញ្ញត្តិ សម្ដេចសង្ឃរាជ មន្ត្រីសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ពិសេសគាំទ្រដល់ក្រសួងកិច្ចការនារី ដែលបាន និងកំពុងខិតខំប្រឹងប្រែងជំរុញ សកម្មភាពរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ ស្ថានភាព ជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រីរួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង៕

ដោយ ប្រាក់ លាង